ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយវិវាទដីធ្លីដែលសេសសល់ រក្សារបៀបរៀបរយសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធបានជជែកពិភាក្សា និងទទួលបានការឯកភាពរួមគ្នា ក្នុងការដោះស្រាយលើការងារវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ សំដៅលុបបំបាត់ឫសគល់នៃទំនាស់ ដែលអាចរារាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាបាននូវរបៀបរៀបរយនៅក្នុងសង្គម ។
ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។
ក្នុងកិច្ចប្រជុំនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសុរិយោដី រួមជាមួយអាជ្ញាធរដោះស្រាយវិវាទដីធ្លី ពិភាក្សាដោះស្រាយការងារពាក់ព័ន្ធនឹងករណីវិវាទដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ និងជម្រះចោលសំណុំរឿង ចំនួន ៣១៥ ករណី ដែលជាការជម្រះបន្ថែម ។ មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើកត្តាដូចជា៖
១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ
២. មានយន្តការ និងការចាត់តាំង
៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា
៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ។
សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំពោះករណីវិវាទដែលនៅសេសសល់មានប្រមាណ៦% ជាករណីដែលមិនមានចរិតលក្ខណៈជាវិវាទក្រោមការញុះញង់ខាងនយោបាយនោះឡើយ ហើយក្រុមការងារនឹងបន្តធ្វើការដោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ ៕
ដោយ / គ្រី សម្បត្តិ