អង្ករក្រអូបប្រណិតកម្ពុជាបានជាប់ជាអង្ករល្អដាច់គេលើលោកទី៦នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
(ភ្នំពេញ)៖ អង្កររបស់ខ្មែរ បានជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២៤នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមសង្គមតេលេក្រាមនារសៀលថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាការបានទទួលរង្វាន់សារជាថ្មីនេះគឺជាលើកទី៦ហើយ ដែលអង្ករខ្មែរបានទទួលពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១២, លើកទី២ នៅឆ្នាំ ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, និងលើកទី៦ នៅឆ្នាំ២០២៤។
លោកជំទាវបានបញ្ជាក់បន្ថែមថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ មានទីផ្សារនិងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក៕
ដោយ ៖ ម៉ាដេប៉ូ