ទូក “ង”បញ្ជាការដ្ឋានទ័ពជើងទឹក ទៀ វិញ នាគសែនជ័យរស្មីចន្ទ្រា រៀបចំក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន
(ភ្នំពេញ)៖ ទូក “ង” បញ្ជាការដ្ឋទ័ពកងទ័ពជើង ដែលមានឈ្មោះថា ទៀ វិញ នាគសែនជ័យរស្មីចន្ទ្រា បានរៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ពិសេសសូមឲ្យទទួលបានជ័យជំនះ សម្រាប់ការចូលរួមប្រណាំងប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អុកអំបុកនិងសំពះព្រះ នាពេលខាងមុខឆាប់ៗនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក ជំទាវ កាន់ ចន្ទ្រា នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក “ង”ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ហ្វឹកហាត់ដើម្បីត្រៀមខ្លួនរួមគ្នាដណ្តើមយកជ័យជំនះពីការប្រណាំងក្នុងព្រះរាជពិធីបុណ្យបណ្តែតប្រទីប អុកអំបុកនិងសំពះព្រះខែ ជាបុណ្យប្រពៃណីជាតិ នាំមកជូនអង្គភាពបញ្ជាការដ្ឋានទ័ពជើង។
ទន្ទឹមនោះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ប្រាំ គន្លឹះ ដើម្បីឈានទៅយកជ័យជំនះ ទី១៖ មានវិន័យ ក្នុងន័យនេះ ឯកឧត្តម ចង់ឲ្យកីឡាករទូកងទាំងអស់ត្រូវគោរពពេលវេលា នៅម៉ោងដែលប្រកួតប្រណាំងឲ្យបានម៉ាត់ចត់ មិនត្រូវលេងសើច ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការដណ្តើមជ័យ ជំនះជូនមន្ទីរអង្គភាពនោះទេ។ ២.មានការសាមគ្គីគ្នា គ្រប់កីឡាករទាំងអស់នៅលើទូក ត្រូវចេះស្រលាញ់គ្នាឲ្យដូចបងប្អូន ចេះរួមគ្នា ជួយគ្នាទៅវិញទៅមក ហើយពេលអុំទូក ត្រូវរួមកម្លាំងកាយ កម្លាំងចិត្តគ្នា អុំឲ្យស្រុះគ្នា ដើម្បីយកជ័យជំនះ ឈ្នះទាំងអស់គ្នា។ ៣.រក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ កីឡាករដែលត្រូវទៅអុំទូកងទាំងអស់ ត្រូវមានអនាម័យក្នុងការហូបចុក ផឹកស្អាត រស់នៅស្អាត នាំឲ្យយើងមានសុខភាពល្អ។ ៤.ការហូបចុះ ត្រូវមានការប្រុងប្រយ័ត្ន ត្រូវជើសរើ់សម្ហូបអាហារដែលស្អាត មានអនាម័យល្អ ជាពិសេស ត្រូវហូបឲ្យបានច្រើន ដើម្បីមានកម្លាំងអុំទូកយកឈ្នះ។៥.លើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក បងប្អូនយើងជាកីឡាករ ត្រូវមានជំនឿរថា ខ្លួនអាចយកជ័យជំនះបាន បើទោះបីជា មានអ្នករិះគន់ តែយើងត្រូវបន្តដំណើរទៅមុខជានិច្ច។ មានតែការសាមគ្គីគ្នាតែមួយគត់ ទើបអាចឲ្យក្រុមរបស់យើង យកឈ្នះនូវបញ្ហាប្រឈម ការលំបាកទាំងឡាយបាន និងក្លាយទៅជាកម្លាំងដ៏ខ្លាំងក្លា ដែលអាចកសាងសេចក្តីចម្រើនលូតលាស់គ្រប់យ៉ាងបាន ។
សូមបញ្ជាក់ថា “ទូក ង” ទៀ វិញ នាគសែនជ័យរស្មីចន្រ្ទា ជាទូក ង របស់បញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលមាន ចំណុះ កីឡាករ៧៥នាក់ សរុបទាំងកីឡាករបំរ៉ុង៩០នាក់ ការហ្វឹកហាត់របស់កីឡាករកីឡាការិនីទាំង៩០នាក់នេះ ទទួលបានការឧបត្ថម្ភទំនុកបំរ៉ុងទាំងស្រុងពីកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និង លោក ជំទាវ ទៀ លក្ខិណា៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ