មេ Huthi ៖ Trump នឹងបរាជ័យក្នុងការបញ្ចប់ជម្លោះនៅហ្គាហ្សា

បរទេស ៖ មេដឹកនាំក្រុមឧទ្ទាម Huthi នៅប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់លោក Donald Trump សម្រាប់ការគាំទ្រអ៊ីស្រាអែល ដោយនិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ នឹងបរាជ័យក្នុងការបញ្ចប់ជម្លោះមជ្ឈិមបូព៌ា អំឡុងអាណត្តិទីពីរ របស់លោក។

លោក Abdul Malik al-Huthi ដែលក្រុមរបស់លោកមានសម្ព័ន្ធភាព ជាមួយប្រទេសអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងធ្វើឱ្យមានលក្ខណៈធម្មតាៗ រវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ដែលគ្រប់គ្រងដោយរដ្ឋបាលរបស់លោក Trump ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ នឹងមិនអាចជួយធ្វើឱ្យជម្លោះ កាន់តែខិតជិតដល់ទីបញ្ចប់ នោះទេ។

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Trump បានយកឈ្នះលើអនុប្រធានាធិបតីប្រជាធិបតេយ្យ Kamala Harris ក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ ហើយគ្រោងនឹងចូលកាន់តំណែងក្នុងខែមករា ដោយត្រលប់ទៅការិយាល័យ Oval Office វិញបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។

ជ័យជម្នះរបស់លោកបានកើតឡើងជាមួយនឹងមជ្ឈិមបូព៌ា ស្ថិតក្នុងភាពចលាចល បន្ទាប់ពីការផ្ទុះសង្រ្គាមហ្គាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីមុនមក បង្កឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ គឺ ក្រុម Hamas ទៅលើអ៊ីស្រាអែល។

ពួក Huthis ដែលបានគ្រប់គ្រងរដ្ឋធានី Sanaa នៅប្រទេសយេម៉ែន តាំងពីឆ្នាំ២០១៤ បានវាយប្រហារលើនាវាពាណិជ្ជករ នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden បញ្ជាក់អំពីសាមគ្គីភាព ជាមួយក្រុមហាម៉ាស៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner