អ៊ីរ៉ង់សង្ឃឹមថា លោក ត្រាំ នឹងវាយតម្លៃគោលនយោបាយខុសរបស់អាមេរិកឡើងវិញ

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ បានហៅជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថា ជាឱកាសសម្រាប់ទីក្រុងវ៉ាស៊ីនតោនវាយតម្លៃឡើងវិញនូវ “គោលនយោបាយខុស” កន្លងមក។

លោក Trump ដែលគ្រោងនឹងវិលត្រឡប់ទៅកាន់សេតវិមានក្នុងខែមករាដើមឆ្នាំក្រោយ បន្ទាប់ពីបានយកឈ្នះអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ត្រូវបានគេមើលឃើញថា អាចនឹងបន្តយុទ្ធសាស្រ្ត “សម្ពាធអតិបរមា” លើអ៊ីរ៉ង់ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។

យ៉ាងណាមិញមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei និយាយថា យើងធ្លាប់ជួបបទពិសោធន៍ដ៏ជូរចត់ ជាមួយគោលនយោបាយ និងវិធីសាស្រ្តរបស់រដ្ឋាភិបាលអាមេរិកផ្សេងៗគ្នានាពេលកន្លងមក។

ដូច្នេះលោកសង្ឃឹមថា ជ័យជំនះរបស់លោក Trump នឹងក្លាយជាឱកាសមួយ ដើម្បីពិនិត្យមើលគោលនយោបាយខុសពីមុនរបស់សហរដ្ឋអាមេរិក។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានក្លាយជាសត្រូវនឹងគ្នា ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ ពោលគឺនៅក្រោយការផ្ដួលរំលំមេដឹកនាំអ៊ីរ៉ង់ shah ដែលគាំទ្រដោយលោកខាងលិច។

ប៉ុន្តែភាពតានតឹងនេះ បានឈានដល់កម្រិតកំពូល ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump កាលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១។

ជាក់ស្តែង លោក Trump បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់។

ចំណែកក្នុងឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់លោក Trump សហរដ្ឋអាមេរិកបានសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani ជាកងឆ្មាំបដិវត្តន៍អ៊ីស្លាមដ៏គួរឱ្យគោរព នៅក្នុងការវាយប្រហារតាមអាកាសនៅឯអាកាសយានដ្ឋានក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner