អ៊ីស្រាអែលចុះកិច្ចព្រមព្រៀងតម្លៃ ៥ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពី Boeing
ហ៊្សេរុយសាឡិម ៖ ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានយន្តហោះចម្បាំង F-15IA ជំនាន់ចុងក្រោយចំនួន ២៥គ្រឿង ពីក្រុមហ៊ុន Boeing។
ក្រសួងការពារជាតិអ៊ីស្រាអែលបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងមានតម្លៃ ៥.២ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តដោយរដ្ឋបាលលោក បៃដិន និងសភាកាលពីដើមឆ្នាំនេះ ហើយក៏រួមបញ្ចូលទាំងជម្រើសសម្រាប់យន្តហោះចម្បាំង F-15IA បន្ថែមចំនួន ២៥គ្រឿង។
ក្រសួងការពារជាតិអ៊ីស្រាអែលបន្ថែមថា ការដឹកជញ្ជូនយន្តហោះ F-15IA ថ្មី នឹងចាប់ផ្តើមនៅឆ្នាំ ២០៣១ ជាមួយនឹងយន្តហោះពី ៤ទៅ៦គ្រឿងជារៀងរាល់ឆ្នាំ។ យន្តហោះទាំងនោះ នឹងត្រូវបំពាក់ដោយប្រព័ន្ធសព្វាវុធ រួមបញ្ចូលជាមួយអាវុធរបស់អ៊ីស្រាអែលដែលមានស្រាប់ ព្រមទាំងបង្កើនការផ្ទុកគ្រាប់។
ក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គុណសម្បត្តិនៃយន្តហោះចម្បាំងទាំងនេះ នឹងអាចឱ្យកងទ័ពអាកាសអ៊ីស្រាអែលរក្សាឧត្តមភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគតនៅតំបន់មជ្ឈិមបូព៌ា។
សម្រាប់ក្រុមហ៊ុន Boeing វិញ កិច្ចព្រមព្រៀងទិញលក់យន្តហោះ F-15 គឺជាកិច្ចព្រមព្រៀងដ៏ធំទីពីរសម្រាប់ឆ្នាំនេះ។ កាលពីខែសីហា ក្រុមហ៊ុនអាកាសចរណ៍ El Al Israel Airlines បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះ 737 MAX ដល់ទៅ ៣១គ្រឿង ក្នុងតម្លៃ ២.៥ពាន់លានដុល្លារ ដោយយកឈ្នះគូប្រជែង Airbus៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា