គ្រោះរាំងស្ងួតនៅតំបន់អាម៉ាហ្សូន ប៉ះពាល់ដល់ជីវិតកុមារជាង ៤០ម៉ឺននាក់

ប្រាស៊ីលីយ៉ា ៖ អង្គការយូនីសេហ្វ ថ្មីៗនេះនិយាយថា កុមារជាង ៤២០,០០០នាក់នៅក្នុងតំបន់អាម៉ាហ្សូន កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះរាំងស្ងួត ដែលកំពុងប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក និងការដឹកជញ្ជូនតាមដងទន្លេ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បានគូសបញ្ជាក់ថា គ្រោះរាំងស្ងួតដ៏អាក្រក់បំបែកកំណត់ត្រា កំពុងបង្កផលប៉ះពាល់ដល់ជនជាតិដើមភាគតិច និងសហគមន៍ផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល កូឡុំប៊ី និងប៉េរូ ដែលពឹងផ្អែកលើការធ្វើដំណើរតាមដងទន្លេ។

ប្រធានអង្គការយូនីសេហ្វ លោកស្រី Catherine Russell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងមើលឃើញពីការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយ ដែលគ្រួសារជាច្រើនពឹងផ្អែកលើ និងធ្វើឱ្យកុមាររាបម៉ឺននាក់មិនអាចទទួលបានអាហារ និងទឹកបរិភោគគ្រប់គ្រាន់ រួមទាំងការថែទាំសុខភាព និងសាលារៀន។

បើតាមការអះអាងរបស់អង្គការយូនីសេហ្វ លទ្ធផលបង្កឡើងពីអសន្តិសុខស្បៀងអាហារ បានបង្កើនហានិភ័យនៃកង្វះអាហារូបត្ថម្ភរបស់កុមារ ខណៈដែលការទទួលបានទឹកផឹកតិច អាចជំរុញឱ្យការផ្ទុះជំងឺឆ្លងកើនឡើង។

ឆ្លើយតបនឹងវិបត្តិនេះ អង្គការយូនីសេហ្វនិយាយថា ខ្លួនត្រូវការថវិកា ១០លានដុល្លារក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីជួយសហគមន៍ដែលរងគ្រោះនៅក្នុងប្រទេសទាំងបីនោះ រួមទាំងការខែកចាយទឹក និងការបញ្ជូនកងពលតូចសុខាភិបាលទៅកាន់តំបន់រងគ្រោះផងដែរ។

ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងការរួមតូចនៃទន្លេសំខាន់ៗនៃព្រៃទាក់ទាញទឹកភ្លៀងនេះ បានធ្វើឱ្យភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរ រំខានដល់ការផលិតថាមពលវារីអគ្គិសនី និងរីងស្ងួតផ្នែកខ្លះនៃប្រទេសប្រេស៊ីល បូលីវី កូឡុំប៊ី អេក្វាឌ័រ ប៉េរូ និងវ៉េណេស៊ុយអេឡា៕

ប្រភព ៖ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner