ឯកឧត្តម ថោង ខុន បានផ្តល់អនុសាសន៍ ៥ចំណុចច ដើម្បីជំរុញអភិវឌ្ឍយុវជនថ្នាល បង្កើនបរិមាណ និងគុណភាព ឱ្យកាន់តែមានសក្តានុពល
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុបានអញ្ចើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នាសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី៤ លើប្រភេទកីឡាកាយសម្ព័ន្ធ បានដំណើរការប្រកួតពីថ្ងៃទី០៣-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងអត្តពលិកចូលរួមសរុបជិត ១០០នាក់ មកពី ៤ក្រសួង និងខេត្ត។
ជាលទ្ធផល ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៧ និងសំរឹទ្ធ ១), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៥), ខេត្ដកំពង់ឆ្នាំង ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៣) និងខេត្តក្រចេះ ឈ្នះមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៤ សរុប ៩គ្រឿង ឈរលេខ៤។ ឯកឧត្តម ណយ ផាណា បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការប្រកួតឆ្នាំនេះ ដែលមានអត្តពលិកវ័យក្មេងចូលរួមកាន់តែច្រើន ស្របពេលកម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ មានការកើនឡើងគួរឲ្យកត់សម្គាល់ ។
ផ្អែកលើសមិទ្ធផលនេះ បានឆ្លើយតបនឹងអនុសាសន៍ណែនាំរបស់លោកបណ្ឌិត ថោង ខុន ហើយលោកក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដុសខាតសមត្ថភាពកាន់តែខ្លាំង សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសបេសកកម្មស៊ីហ្គេម ឆ្នាំ២០២៥ ក៏ដូចជាទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នេះគឺជាការវាស់ស្ទង់ សមត្ថភាព បច្ចេកទេសទេព កោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ ជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ សមាជិកប្រត្តិបតីសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយការលះបង់ពេលវេលា និងកិច្ចខិតខំរបស់មន្ត្រីបច្ចេកទេសផងដែរ ។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា៖ «ក្នុងនាមខ្លួនខ្ញុំ ទទួលបន្ទុកបេសកកម្មពិសេសជំរុញ និងអភិវឌ្ឍចលនាកីឡា និងក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤នេះ ដោយគោរពបានតាមការណែនាំរបស់គណៈកម្មាធិការរៀបចំកីឡាជាតិ លើកទី៤ រួមមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ជាបច្ចេកទេសក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូន តាំងពីដើមរហូតចប់កម្មវិធី »។
ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន៖ ដូចជា ១.បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកម្រិតអាយុ បង្កើនបរិមាណ និងគុណភាពកីឡាករ-កីឡាការិនី តាមក្លឹប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ និងជ្រើសរើសកីឡាករ-កីឡាការិនីមានទេពកោសល្យវ័យក្មេង។
២.ពង្រឹងសមត្ថភាព ចៅក្រម មន្រ្តីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។
៣.ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តា ក្លឹប សមាគម។
៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លឹប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍ បន្ថែមទៀត។
និងទី៥.ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន មុនកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥៕
អត្តបទ-រូបភាព ៖ លោក ចាន់ វិចិត្រ និង ងីមឆាយហួត