រដ្ឋសភា កម្ពុជា បានពិភាក្សានិងអនុម័ត លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃសុក្រទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា រដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៥រូប។

យោងសេចក្តីប្រកាសព័ត៍មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អង្គសភាបានអនុម័តយល់ព្រមរបៀបវារះបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន២ដោយ មានសំឡេង ១០៩ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានដូចតទៅ៖
១-ការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាស របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសម្រេចសុពលភាពនៃអាណត្តិបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។

២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការ ជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិនិងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ផ្អែកលើសមិទ្ធផលកន្លងមកដូចបានគូសបញ្ជាក់ខាងលើ និងបន្ទាប់ពី ពិចារណានិងវាយតម្លៃដោយហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលបានសន្និដ្ឋានថាកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការ បន្តនិងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន។

-អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ទាំងមូល មានចំនួន ១០៩សំឡេង នៃចំនួន សមាជិករដ្ឋសភាទាំងមូល ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner