ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច សម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) បានប្ដេជ្ញាបន្តភាព​ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

លោកសាស្ត្រាចារ្យ Tetsuya Watanabe បានថ្លែងដូច្នេះ ក្នុងឱការចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរ​និងវាយ​តម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើននៅកម្ពុជា ព្រមទាំងបានបង្ហាញ​នូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជា នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។

លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំង ការកសាងសមត្ថភាព។

លោកប្រធានវិទ្យាស្ថានបានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរ ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០ និងបំណងជួយសម្របសម្រួល ក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូ​ដ៏ល្អ​ប្រសើរ​វិទ្យាស្ថាន ERIA និងក្រសួង-ស្ថាប័នរបស់កម្ពុជា ព្រមទាំង​បានសង្កត់ធ្ងន់ថា អាទិ​ភាព​របស់រាជរដ្ឋាភិបាល ផ្តោតលើការ​ធ្វើសមា​ហរណកម្មកម្ពុជាទៅតំបន់និងពិភព​លោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិយាកាស​វិនិយោគនៅកម្ពុជា។

សម្ដេចបវរធិបតី បានចែករំលែកអំពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើមមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយភាពទាក់ទាញ។

សម្ដេចបវរធិបតីបានស្វាគមន៍បំណងរបស់វិទ្យាស្ថានក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្ត លោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner