គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
បន្ទាប់មក គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរូប ខាងកើតវិមានឯករាជ្យ ។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នឹងប្រារព្ធឡើង នៅវិមានឯករាជ្យ នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា រហូតទទួលបានឯករាជ្យ ពីអាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕
ដោយ ៖ គ្រី សម្បត្តិ