ក្រសួងមហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតកីឡាសូហ្វតិន្នីសកីឡាជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតោជនពិការលើកទី២ សម្រាប់ប្រភេទកីឡាសូហ្វតិន្នីស ក្រសួងមហាផ្ទៃក្រសោបបានមេដាយមាស ៧គ្រឿង ស្មើ ១០០%នៃចំនួនវិញ្ញាសាសរុបទាំង៧ ។
លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធបញ្ជាក់ថា ការប្រកួតនេះមានប្រតិភូកីឡាចូលរួមសរុប ៨៨នាក់ ក្នុងនោះប្រតិភូ ១០នាក់ គ្រូបង្វឹក ០៨នាក់ កីឡាករ ៣៧នាក់ និងកីឡាការិនី ៣៣នាក់។ ការប្រកួតសូហ្វតិន្នីសកីឡាជាតិដំណើរការ៥ថ្ងៃ ដោយមានក្រសួង-រាជធានី-ខេត្តចំនួន ៦បានចូលរួម លើវិញ្ញាសាចំនួន ៧ ។
ជាលទ្ធផល គឺចំណាត់ថ្នាក់លេខ ១ ក្រសួងមហាផ្ទៃ មេដាយមាស ៧, លេខ២ ក្រសួងការពារជាតិ មេដាយប្រាក់ ២ និងសំរឹទ្ធ១, លេខ៣ ខេត្តកណ្តាលប្រាក់២ និងសំរឹទ្ធ១ និង៣ខេត្តផ្សេងទៀតទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួន និងឈរនៅលេខរៀងបន្តបន្ទាប់។
លោកស្រីអគ្គលេខាធិការរងលើកឡើងថា ដោយទទួលបានគោលការណ៍អនុញ្ញាតជាគោលកាណ៍ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ទើបសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានចូលរួមចំណែករៀបចំនក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ លើប្រភេទកីឡាសូហ្វតិន្នីស ដែលប្រព្រឹត្តិទៅរយៈពេល ០៥ថ្ងៃ ដោយទទួលការចុះឈ្មោះចូលរួមប្រកួតពីក្រសួង-រាជធានី-ខេត្តសរុបចំនួន ០៦។
លោកស្រីបន្ថែមថា ជាការពិតណាស់ ការប្រកួតកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ គឺបានផ្តល់នូវគុណសម្បត្តិជាច្រើន ដូចជា បានជួយផ្សព្វផ្សាយប្រភេទកីឡាសូហ្វតិន្នីសឱ្យកាន់តែមានការទទួលស្គាល់ និងគំាទ្រពីបណ្តាអ្នកស្នេហាវិស័យកីឡា, បានផ្តល់ឱកាសលើកទឹកចិត្តកីឡាករ កីឡាការិនីបានជួបជុំគ្នាបញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស ដើម្បីឈានទៅដណ្តើមមេដាយលើឆាកប្រកួតអន្តរជាតិ។ បន្ថែមទៀតនេះ ព្រឹត្តិការណ៍កីឡាជាតិបានផ្តល់នូវបទពិសោធន៍ដល់សហព័ន្ធ ក្នុងការរៀបចំការប្រកួតបានអនុវត្តការងារផ្នែកព័ត៌មានវិទ្យាក្នុងការទទួលការចុះឈ្មោះប្រតិភូកីឡាចូលរួមប្រកួតតាមរយៈប្រព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រតិភូក្រសួង រាជធានី-ខេត្តដែលនៅឆ្ងាយ ក្នុងការបញ្ជូនឯកសារមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ។
ពិធីបិទការប្រកួត និងពិធីបំពាក់មេដាយត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តំណាងឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ៕
ថតដោយ ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ