ព្រះមហាក្សត្រ យាងប្រទានភ្លើងទៀនជ័យ អបអរសាទរខួប ៧១ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជធិបតី ប្រទានភ្លើងទៀនជ័យ អបអរសាទរខួប ៧១ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់មកវិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ ដោយមានការអញ្ជើញចូលរួមអបអរសាទរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
សូមជំរាបថា បារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជា រយៈពេលជិត ១សតវត្សរ៍ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ ប្រវត្តិព្រះរាជបូជនីយកិច្ចមួយចំនួនរបស់ព្រះមហាវីរក្សត្រខ្មែរ ក្នុងការទាមទារឯករាជ្យពីអាណានិគមន៍លើកម្ពុជា អស់រយៈពេល ៩០ឆ្នាំ មានដូចខាងក្រោម៖
១៖ តាមសិទ្ធិសញ្ញាចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យនៅកម្ពុជា។ ២៖ ជាគោលការណ៍តាមផ្លូវច្បាប់ឯករាជ្យនេះ កម្ពុជាទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តន៍ជាក់ស្ដែងឯករាជ្យនេះ នៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ នគរបាល អំណាចបញ្ជាការយោធា ការទូត ការប្ដូរ និងការចាយធនប័ត្រ ដើម្បីឱ្យមានឯករាជ្យទាំងស្រុង។ ៣៖ តាមសេចក្ដីប្រកាសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានសន្យាជាឱឡារិក ចំពោះប្រជារាសស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹងដណ្ដើមយកឯករាជ្យទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល ០៣ឆ្នាំយ៉ាងយូរបំផុត។ ៤៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទាឯករាជ្យរបស់កម្ពុជា ជាមួយប្រមុខរដ្ឋបារាំង។ ៥៖ នៅណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានផ្ញើព្រះរាជ្យសារលិខិតមួយច្បាប់ ជូនចំពោះលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណៈរដ្ឋបារាំង បញ្ជាក់ពីភាពចាំបាច់សំដៅធ្វើឱ្យបារាំងពង្រីកក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹងព្រះរាជសារលិខិតនេះ មានការសិក្សាគ្រប់គ្រាន់ ដោយទឡ្ហីករណ៍សម្អាងបញ្ជាក់ពីការទាមទាររបស់សម្ដេច និង ការផ្ដល់យោបល់ពីបែបបទផ្ទេរអំណាចជាយថាហេតុ ។ នៅណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅ ហ្វុងតែនណាប្លូ ថ្ងៃទី០៣ ខេមេសា ឆ្នាំ១៩៥៣ ព្រះករុណា សម្ដេចព្រះ នរោ ត្តម សីហនុ បានសរសេរព្រះរាជសារលិខិតចំនួន២ច្បាប់បន្តទៀត ផ្ញើជូនលោក វ៉ាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គ ទាក់ទងទៅនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំង ប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ។
៦៖ នៅចំពោះមុខ ការលាក់លៀមរបស់រដ្ឋភិបាលបារាំង ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងចាកចេញពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះ ព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសព្រះអង្គ។ សេចក្ដីថ្លែងការណ៍របស់ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំ «ញីវយ៉កថែម» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យរដ្ឋាភិបាលបារាំងទទួលយល់ ព្រមធ្វើការចរចាជាមួយតំណាងរបស់ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ តំណាងនេះគឺលោក ប៉ែន នុត។
៧៖ ការចរចានៅប៉ារីស បានឈានដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបារាំង យល់ព្រមផ្ដល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ លោក ប៉ែន នុត បានអញ្ជើញវិលត្រឡប់មកកម្ពុជាវិញ ដើម្បីទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលដែលទទួលបាននៅប៉ារីស។ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ វ័រ្មន បានយាងមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។
៨៖ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយសចំពោះព្រះអង្គជាអ្នកទទួលជ័យជម្នះ និងជាវីរបុរសនោះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានសន្យាយ៉ាងឱឡារិក នៅក្នុងព្រះសុន្ទរកថា មួយដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា «ព្រះអង្គនឹងបូជាជីវិត ដើម្បីដណ្ដើមយកឯករាជ្យឱ្យបាន ១០០ភាគរយ»។
៩៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានភៀសព្រះកាយទៅប្រទេសថៃ ក្រោយពីមានសេចក្ដីប្រកាសមួយ ដែលទាក់ទាញពិភពលោក ស្ដីពីការមិនពេញចិត្ត និងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជាតិខ្មែរ។ ការមិនពេញចិត្តនេះអាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ ទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
១០៖ ក្រោពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ ចំពោះការទាមទាឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅកម្ពុជា ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ បានយាងត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញ ហើយបានយាងទៅគង់នៅតំបន់ស្វយ័ត ដែលរួមមានខេត្ត សៀមរាប បាត់ដំបង និងកំពង់ធំ។
ស្វយ័តភាពផ្នែកយោធា នៃខេត្តទាំងនេះ ត្រូវបានប្រគល់ឱ្យកម្ពុជា ដោយមានការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្តបាត់ដំបង ។
ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានប្រកាសថា ព្រះអង្គនឹងចូលរាជធានីវិញ នៅពេលណាបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញ នូវកេតនភ័ណ្ឌចុងក្រោយ នៃឯករាជ្យ។ ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានបង្កើតកងកម្លាំងជីវពល និង នារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង។ លោក ប៉ែន នុត នាយករដ្ឋមន្ត្រី ទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា។
១១៖ ការចរចារដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំរបស់លោក ប៉ែន នុត បានសម្រេចជោគជ័យទាំងស្រុង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់នគរបាល នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈការប្ដូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំង ចំពោះកំណត់មួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣) ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំងលេខ ៣៩៣អ៊ែ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តន៍កិច្ចព្រមព្រៀង ដូចមានចែងនៅក្នុងកំណត់មួយសម្រាប់រាជរដ្ឋាភិបាលដែលប្រគល់ជូនអគ្គស្នងការនៃសាធារណរដ្ឋបារាំង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ក្រោមលេខ ៦៧ ប៉េ.សេ.អឹម.អេស.អឹម។
១២៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ស្ដេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ ៣០០គ.ម ដែលព្រះអង្គធ្វើដំណើរប្រជារាស្ត្រខ្មែរក្នុងក្ដីរំជួលចិត្ត បានធ្វើឱ្យព្រះអង្គទទួលនូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុន សន្និសីទក្រុង ហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ ឡង់ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់ប្រទេសបារាំងបានដកថយពីព្រះរាជាជានចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយដែលបិតបាំមិត្តភាពកម្ពុជា-បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីបារាំង នៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យតាំងមូលរបស់ប្រទេសកម្ពុជា លើវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ គណៈប្រតិភូខ្មែរ ដែលបញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ដើម្បីស្នើឱ្យបារាំងទទួលស្គាល់ជាផ្លូវការ គឺដឹកនាំដោយលោក ចាន់ ណាក បន្ទាប់ពីលោកបានទទួលមរណៈភាពនៅទីក្រុងប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវបានដឹកនាំដោយលោក ញឹក ជូឡុង និងចុងក្រោយបង្អស់ ដឹកនាំដោយលោក អូ ឈីន ដែលនៅពេលនោះជាឧបនាយករដ្ឋមន្ត្រី និងចូលរួមអមដោយលោក សឺន សាន ។
១៣៖ នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ ហ្សឺណែវ ប្រព្រឹត្តិទៅដោយរួមបញ្ចូលគូបដិបក្ស ដែលមានវិវាទនៅឥណ្ឌូចិន។ នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្របានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយលោក ទេព ផន នៅពេលនោះជារដ្ឋមន្ត្រីការបរទេស និងលោក ញឹក ជូឡុង លោក នង គីមនី លោក សឺន សាន ដែលក្រោមការណែនាំពីព្រះមហាក្សត្របានដឹងថា សន្និសីទប្រកាសដកទ័ពរបស់ប្រទេសជិតខាងមួយចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាចេញពីសន្និសីទ ហ្សឺណែវ នេះ «កក្កដា-១៩៥៤» ដោយគ្មានអ្វីខូតខាតទាំងអស់។ ផ្ទុយពីប្រទេសឡាវ និងវៀតណាម ព្រះរាជាចក្រកម្ពុជា អាចជៀសវាងការបែងចែកទឹកដី។
១៤៖ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ យ៉ាងតិច៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យារបស់ព្រះអង្គចំពោះ ប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរ បានថ្វាយព្រះឋានៈចំពោះព្រះអង្គថា «ជាព្រះបិតាឯករាជ្យជាតិ» ហើសំណូមពររបស់ តំណាងរាស្ត្រក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះជាតិ រាជរដ្ឋាភិបាលបានលើព្រះអង្គជា «វីរៈបុរសជាតិ» ស្របតាមព្រះមហា កិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមរបស់ព្រះអង្គ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ