ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ប្រារព្ធឡើង នៅវិមានឯករាជ្យ នៅថ្ងៃទី៩ វិច្ឆិកា នេះ ដើម្បីរម្លឹកនូវឧបការៈគុណដ៏ជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ នៅកម្ពុជា រហូតទទួលបានឯករាជ្យ ពីអាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ប្រជារាស្ត្រខ្មែរបានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគារវកិច្ចដ៏ ស្មោះត្រង់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបន្តព្រះរាជកិច្ច ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាពិសេស ព្រះអង្គតែងបានប្រោសព្រះរាជទាននូវការគាំទ្រការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៧នេះ ដើម្បីបុព្វហេតុសុខសន្តិភាព ស្ថិរភាពជាតិ សាមគ្គីជាតិ ការអភិវឌ្ឍជាតិ ការលើកស្ទួយជីវភាព សុខុមាលភាព និងភាពសុខដុមរមនារបស់ប្រជារាស្ត្រ៕
ដោយ៖ពលជ័យ

ads banner