ពុទ្ធបរិស័ទ កម្ពុជា ថៃ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ រួមគ្នាធ្វើបុណ្យកឋិនទាន​សាមគ្គីរក្សាប្រពៃណីវិស័យពុទ្ធសាសនា

(ខេត្តបន្ទាយមានជ័យ)៖ ពុទ្ធបរិស័ទ កម្ពុជាថៃជាប់ព្រំដែនខេត្តបន្ទាយមានជ័យ បានរួមគ្នា ធ្វើបុណ្យកឋិនទានសាមគ្គីរក្សាប្រពៃណីវិស័យពុទ្ធសាសនា ជាមួយគ្នាបើ​ទោះជាមានជាតិសាសន៍ផ្សេងក្ដី ប៉ុន្តែកម្ពុជា និង ថៃ មានប្រពៃណី ទំនៀមទំលាប់​ស្រដៀងគ្នា។

លោកមហាឧបាសិកា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានឲ្យដឹង ជុំវិញការមានទឹកចិត្តសទ្ធាមុតមាំលើកុសលផលបុណ្យ ហើយមិនចាំតែនៅជិត នៅឆ្ងាយពីទីវត្តអារាម ឬទីកន្លែង ធ្វើបុណ្យ ឬក៏ប្រកាន់ជាតិសាសន៍ពណ៌សម្បុរ ពិសេសពុទ្ធសាសនិកជនក៏ដូចជាអ្នកដែលគោរពប្រណិបត្តិព្រះពុទ្ធសាសនា អាចចូលរួមគ្រប់កម្មវិធីបុណ្យក្នុងពុទ្ធសាសនាស្របលើគោលដៅតែមួយ ។

ក្នុងឱកាសបុណ្យកឋិនទានសាមគ្គីនៅវត្តខ្លាកូនថ្មី នៅក្រុងសិរីសោភ័ណ កាលពីពេលថ្មីៗនាឆ្នាំ២០២៤នេះ លោកឧកញ៉ា ហង្ស ស៊ីផា បានបញ្ជាក់បន្ថែម ពីការធ្វើបុណ្យទានមិនរើសអើងពិសេសក្នុងវិស័យពុទ្ធសាសនា ។

ព្រះឥន្ទមុនីវង្សា សំ វ៉ាន់ថា ចៅអធិការវត្តខ្លាកូនថ្មី បានមានថេរដីកា មិនថាវេលានេះ កន្លងមកមានថ្នាក់ដឹកនាំ មន្ត្រីរាជការនិងពុទ្ធបរិស័ទថៃនៅទីក្រុងនិងខេត្តជាប់ព្រំដែន​ខេត្តបន្ទាយមានជ័យ តែងបានមកចូលរួមគ្រប់ពិធីបុណ្យពុទ្ធសាសនា ជាមួយការ​ជួយកសាងសមិទ្ធផលពុទ្ធសាសនាទៀតផង ហើយដូចគ្នាដែរថ្នាក់ដឹកនាំ មន្ត្រីរាជការ​និងពុទ្ធបរិស័ទក្នុងប្រទេសក៏ដូចគ្នា ខេត្តបន្ទាយមានជ័យ មានទំនាក់ទំនងល្អនិងបាន​ឧបត្ថម្ភកសាងសមទ្ធិផលខាងពុទ្ធសាសនាទៅខាងភាគីថៃផងដែរ ។

បច្ច័យកឋិនទានសាមគ្គី ទទួលបានពី ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា និងលោកជំទាវ រួមពុទ្ធបរិស័ទជិតឆ្ងាយសរុបរួម ចំនួន ២៥០០០០ដុល្លាអាមេរិក ទុកសម្រាប់កសាងលើវិស័យពុទ្ធសាសនា ៕

ដោយ ៖ គៀន ច័ន្ទហ៊ីន

ads banner