រដ្ឋមន្រ្តីក្រសួងការងារ៖ ការសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត

(ភ្នំពេញ)៖ គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយ​ជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។

ប្រសាស៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងបែបនេះ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជា​អធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្ម​វាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើត​សួនឧស្សាហកម្មនេះ ដោយមើលឃើញថា គម្រោងនេះនឹងផ្តល់ការងារប្រមាណ ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែងបន្ថែមទៀត ។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាង​សំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់ឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាង​សំខាន់ក្នុង​ការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករស្នូល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបាន​ជំនាញ​ពិតប្រាកដ និងការងារមួយដ៏សមរម្យ។

នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះដែរ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា​លើអនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា​ខេត្តកំពង់ស្ពឺ ជាមួយ អង្គការ Yu Jianging Charity Organization for Education ផងដែរ ។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវកិច្ច​សហ​ប្រតិបត្តិការ​ដើម្បីពង្រឹងគុណភាពនៃការអប់រំ និងបង្កើនសមត្ថភាពរបស់​បុគ្គលិក​នៃវិទ្យាស្ថាន និងជួយគាំទ្រដល់សិស្សនិស្សិត ក្នុងខេត្តកំពង់ស្ពឺ តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល និងផ្តល់ធនធានពាក់ព័ន្ធនានាជូនដល់គ្រូបង្គោល និងសិក្ខា​កាមរបស់វិទ្យាស្ថាន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner