គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មានប្រទេសចិន ស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប
(ខេត្ត សៀមរាប )៖ បន្ទាប់ពីជំនួបរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរាជធានីភ្នំពេញ នាថ្ងៃ៩ ខែវិច្ឆិកា លោកវរសេនីយ៍ឯក អូ ឈាន បានដឹកនាំគណៈប្រតិភូមកកាន់ខេត្តសៀមរាបជាមួយនឹងការសម្របសម្រួលពីក្រសួងការពារជាតិ ដោយមាន លោកឧត្តមសេនីយ៍ត្រី គឹម អ៊ុក នាយករងនាយកដ្ឋានព័ត៌មាន ចូលរួម។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងឱកាសនេះ ដោយស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកទស្សនកិច្ចនៃមន្ទីរព័ត៌មានខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា ជំនួបនេះជាលើកដំបូងដែលអាចក្លាយជាស្ពានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឱកាសសហការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានចូលរួមចំណែកជួយជ្រោមជ្រែងដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប ដូចជាការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ក្នុងនោះ ឯកឧត្តមបានសង្ឃឹមថា គណៈប្រតិភូចិន នឹងមានឱកាសសិក្សាស្វែងយល់អំពីវិស័យព័ត៌មាន និងសោតទស្សន៍នៅខេត្តសៀមរាប និងស្វែងរកឱកាសសហការតាមរយៈក្រសួងព័ត៌មានផងដែរ។
ក្នុងសំណេះសំណាល លោកវរសេនីយ៍ឯក អូ ឈាន បានបង្ហាញពីចិត្តសប្បាយរីករាយនឹងឱកាសមកទស្សនកិច្ចនៅខេត្តសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា។ គាត់បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប ជាពិសេសការងារផ្សព្វផ្សាយព័ត៌មាន ដើម្បីអាចបម្រើប្រយោជន៍សាធារណជន។
បន្ទាប់ពីការបង្ហាញនូវស្ថានភាពទូទៅនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងខេត្តសៀមរាប ថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានបានធ្វើបទបង្ហាញផ្ទាល់នៅក្នុងបន្ទប់ផ្សាយវិទ្យុ និងទូរទស្សន៍ ជូនដល់គណៈប្រតិភូជនជាតិចិន និងក្រសួងការពារជាតិ កម្ពុជាដើម្បីឱ្យពួកគេបានយល់ដឹងពីដំណើរការផលិតកម្មវិធីផ្សាយប្រចាំថ្ងៃ និងការផលិតព័ត៌មានតាមមូលដ្ឋាននៅតាមស្រុកនានានៃខេត្ត ៕
ដោយ ៖ ប៊ុន រដ្ឋា