កូនដំរីញីមួយក្បាលនៅខេត្តភាគឦសាន ត្រូវបានជួយសង្រ្គោះ
ភ្នំពេញ៖ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចម្ការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះថាក្រោយទទួលព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាងទៀតដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផង ជម្រើសល្អបំផុតមួយក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានគឺត្រូវនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។
អ្នកនាំពាក្យដដែលបានឱ្យដឹងបន្ថែមពីប្រតិបត្តិការសង្រ្គោះកូនដំរីនេះថា ក្រុមការងារឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការWCS អង្គការWWF អង្គការWA ប្រមាណជិត៣០នាក់បានបើកប្រតិបត្តិការជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា និងដឹកជញ្ជូននាំកូនដំរីនេះមកដល់ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម “ភ្នំតាម៉ៅ” ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកាវេលាម៉ោង៦:៥០នាទីរសៀល។
លោកជំទាវបញ្ជាក់ថា បច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕
ដោយ៖ម៉ាដេប៉ូ