៥ឆ្នាំចុងក្រោយ យន្តហោះឯកជនសេដ្ឋីបំពុលកាបូនកើនខ្លាំងបំផុត
បរទេស ៖ ការសិក្សាថ្មីមួយរកឃើញថា ការបំពុលកាបូនចេញពីយន្តហោះឯកជនប្រើប្រាស់ដោយមហាសេដ្ឋីនបានកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
លោក Stefan Gossling អ្នកស្រាវជ្រាវផ្នែកដឹកជញ្ជូន នៃសាកលវិទ្យាល័យ Linnaeus របស់ប្រទេសស៊ុយអែត និយាយថា អ្នកប្រើប្រាស់យន្តហោះឯកជនបានបញ្ចេញឧស្ម័នខ្ពស់បំផុត ដោយបញ្ចេញកាបូនឌីអុកស៊ីតដល់ ២,៦៤៥តោន នៅពេលហោះហើរ។
តួលេខនោះ កើនឡើងច្រើនជាង ៥០០ដងនៃចំនួនមធ្យមរបស់ពិភពលោកក្នុងមនុស្សម្នាក់ ដែលមានចំនួន ៥.២តោន ដែលធនាគារពិភពលោកគណនា ឬ ៤.៧តោន ដែលទីភ្នាក់ងារថាមពលអន្តរជាតិគណនា។
ភាគច្រើននៃយន្តហោះឯកជនតូចៗ បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត នៅពេលហោះហើរបានប្រហែល ២ម៉ោង ច្រើនជាងមនុស្សជាមធ្យមក្នុងរយៈពេលប្រហែលមួយឆ្នាំ។
ហើយប្រហែលមួយភាគបួននៃមហាសេដ្ឋី ដែលមានទ្រព្យសរុប ៣១ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន បានបញ្ចេញកាបូនឌីអុកស៊ីត ១៧.២លានតោន តាមរយៈការហោះហើរប្រើយន្តហោះឯកជន។
តួលេខនោះ មានចំនួនប្រហាក់ប្រហែលគ្នានឹងការបញ្ចេញកាបូននៃប្រជាជន ៦៧លាននាក់ដែលរស់នៅក្នុងប្រទេសតង់ហ្សានី។ នេះបើយោងតាមការសិក្សាមួយ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Journal Communications Earth & Environment។
លោក Jonathan Westin នាយកប្រតិបត្តិនៃអង្គការតស៊ូមតិ Climate Organizing Hub បាននិយាយថា “របាយការណ៍នេះបង្ហាញពីភស្តុតាងបន្ថែមទៀតថា មហាសេដ្ឋីកំពុងបង្កឱ្យមានវិបត្តិអាកាសធាតុ។
សិក្សាខាងលើនេះ ចងក្រងឡើងដោយក្រុមស្រាវជ្រាវេបស់អ៊ឺរ៉ុប ដែលបានគណនាតួលេខទាំងនោះដោយពិនិត្យមើលការហោះហើរជាង ១៨.៦លានជើងហោះហើរ នៃយន្តហោះប្រហែល ២៦,០០០គ្រឿងក្នុងរយៈពេល ៥ឆ្នាំ។
ការសិក្សាក៏បានរកឃើញទៀតថា ១.៨% នៃការបំពុលកាបូនចេញពីវិស័យអាកាសចរណ៍ ត្រូវបានបញ្ចេញដោយយន្តហោះឯកជន ហើយវិស័យអាកាសចរណ៍ទាំងមូលរ៉ាប់រងប្រហែល ៤% នៃកាបូនដែលបង្កឡើងដោយមនុស្ស៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា