ស្វាជាង ៤០ក្បាលរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិក

វ៉ាស៊ីនតោន ៖ សត្វស្វាចំនួន ៤៣ក្បាលបានរត់គេចពីបរិវេណ ដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅរដ្ឋ South Carolina ប៉ុន្តែមេប៉ូលីសនៅក្បែរនោះនិយាយថា រឿងនេះនឹងមិនបង្កគ្រោះថ្នាក់ដល់សាធារណជនទេ។

មេប៉ូលិសក្រុង Yemassee លោក Gregory Alexander ថ្មីៗនេះនិយាយថា សត្វស្វាទាំងនោះ មិនបានបង្កគ្រោះថ្នាក់ និងភាពច្របូកច្របល់ទេ ដោយសារតែពួកវាមិនបានឆ្លងជំងឺអ្វីទាំងអស់ ក្រោយរត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ។

លោកប៉ូលិស Alexander បន្ថែមថា សត្វស្វាអំបូរ Rhesus បានរត់គេចខ្លួនពីមន្ទីរពិសោធន៍ Alpha Genesis កាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលបុគ្គលិកថ្មីមិនបានបិទទ្វារទាំងអស់។

ប៉ូលីសបានឱ្យដឹងថា សត្វស្វាទាំងនោះ ភាគច្រើនគឺជាញីមានទម្ងន់ប្រហែល ៣គីឡូក្រាម ហើយនៅក្មេង និងតូចណាស់ ដូច្នេះពួកវាមិនទាន់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើពិសោធន៍នៅឡើយទេ។

ទោះបីជាយ៉ាងណា អាជ្ញាធរ និងបុគ្គលិកមន្ទីរពិសោធន៍ កំពុងរៀបចំអន្ទាក់ និងប្រើប្រាស់វិធីផ្សេងៗ ដើម្បីប្រមូលពួកស្វាទាំងនោះមកវិញដោយសុវត្ថិភាព។

ទន្ទឹមគ្នា ប្រជាពលរដ្ឋរស់នៅក្បែរមន្ទីរពិសោធន៍នោះ ត្រូវបានទទូចឱ្យបិទបង្អួច និងទ្វារផ្ទះរបស់ពួកគេ ដើម្បីកុំឱ្យស្វារកកន្លែងលាក់ខ្លួនបាន ហើយប្រសិនបើពួកគេប្រទះឃើញស្វាទាំងនោះ អាជ្ញាធរស្នើឱ្យទាក់ទងតាមខ្សែទូរស័ព្ទលេខ ៩១១ ដើម្បីឱ្យបុគ្គលិក និងប៉ូលីសចាប់ពួកវាបាន។

ក្នុងឆ្នាំ ២០១៨ មន្ត្រីសហព័ន្ធបានផាកពិន័យមន្ទីរពិសោធន៍ Alpha Genesis ចំនួន ១២,៦០០ ដុល្លារ បន្ទាប់ពីសត្វស្វារាប់សិបក្បាលបានរត់គេចខ្លួន ក៏ដូចជាបង្កឧប្បត្តិហេតុដែលបណ្តាលឱ្យមនុស្សមួយចំនួនដាច់ទឹក និងបញ្ហាផ្សេងៗជាច្រើនទៀត។

បើតាមក្រុមមន្ត្រីមន្ទីរពិសោធន៍បាននិយាយថា សត្វស្វាអំបូរ Rhesus ចំនួន ២៦ក្បាលបានរត់ចេញពីមន្ទីរពិសោធន៍ក្រុង Yemassee ក្នុងឆ្នាំ ២០១៤ ហើយ ១៩ក្បាលទៀតបានរត់ចេញនៅឆ្នាំ ២០១៦៕

ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner