ក្រុមហ៊ុនចិន XPENG បញ្ចេញមនុស្សយន្ត AI ដំបូង ធ្វើចលនាដូចមនុស្ស
ប៉េកាំង ៖ នៅឯព្រឹត្តិការណ៍ AI Day ឆ្នាំ ២០២៤ នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន XPENG បានបង្ហាញមនុស្សយន្ត AI ដំបូងរបស់ខ្លួនមានឈ្មោះថា Iron ដែលអាចធ្វើចលនាដូចមនុស្សពិតៗដែរ។
ការបញ្ចេញមនុស្សយន្តរបស់ XPENG ត្រូវគេមើលឃើញថា ជាការបង្ហាញពីការលោតផ្លោះដ៏ធំមួយ ប្រឡូកក្នុងឧស្សាហកម្មមនុស្សយន្ត ប្រជែងជាមួយមនុស្សយន្ត Optimus របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។
មនុស្សយន្ត Iron នេះ មានសន្លាក់ច្រើនជាង៦០ និងធ្វើចលនាបាន ២០០ដឺក្រេ ហើយវាប្រើប្រាស់បច្ចេកវិទ្យាដែលចែករំលែកជាមួយប្រព័ន្ធ AI Electric Vehicles (EVs) របស់ XPENG។ Iron មានកម្ពស់ ១.៧៨ម៉ែត្រ និងមានទម្ងន់ ៧០គីឡូក្រាម។ មនុស្សយន្តនេះ មានភារកិច្ចស្នូលគឺផ្គុំរថយន្តអគ្គិសនី P7+ នាពេលខាងមុខ។
ផ្នែកសំខាន់នៃភាពវៃឆ្លាតរបស់ Iron គឺបន្ទះឈីប Turing AI ដែលមានស៊ីភីយូ 40-core និងត្រូវបានបម្រុងទុកសម្រាប់ការងារដែលពឹងផ្អែកខ្លាំងលើ AI ដូចជាមនុស្សយន្ត យានយន្ត និងសូម្បីតែឡានហោះ។
ទោះបីជាមានព័ត៌មានលម្អិតតិចតួចក៏ដោយ ប៉ុន្តែបន្ទះឈីប Turing AI ដែលរចនាយ៉ាងពិសេសរបស់ Xpeng ត្រូវបានគេជឿជាក់ថា បានផ្តល់ថាមពលដល់មនុស្សយន្តនេះ។ Iron អាចគិត និងសម្របខ្លួនទៅនឹងកិច្ចការផ្សេងៗ ដោយផ្តល់នូវភាពបត់បែន និងការសម្រេចចិត្តដូចមនុស្ស។
គោលដៅចម្បងរបស់ Xpeng គឺធ្វើឱ្យមនុស្សយន្ត Iron ក្លាយជំនួយការសម្រាប់ការបំពេញភារកិច្ចធំៗមួយចំនួន ដូចជារដ្ឋបាល និងសេវាកម្មអតិថិជននៅក្នុងគ្រឹះស្ថានលក់រាយ ការិយាល័យ និងសូម្បីតែក្នុងលំនៅដ្ឋាន។
ក្រៅពីមនុស្សយន្ត Xpeng ក៏កំពុងពិចារណាប្រឡូកក្នុងឧស្សាហកម្មឡានហោះផងដែរ ជាមួយនឹងម៉ូដែលកូនកាត់ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៦។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើ AI, មនុស្សយន្ត និងបច្ចេកវិទ្យាបើកបរខ្លួនឯង Xpeng កំពុងដាក់ខ្លួនឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាពិភពលោក៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា