ជប៉ុនប្តេជ្ញាកសាងកម្លាំងយោធាកាន់តែស៊ីជម្រៅជាមួយអាមេរិក
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសន្យាជាថ្មីកាលពីថ្ងៃសៅរ៍ថា នឹងកសាងកម្លាំងយោធាជប៉ុន ក៏ដូចជាពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។
លោក Ishiba និយាយថា បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុន និងសហគមន៍អន្តរជាតិកាន់តែអាក្រក់ទៅៗ ដោយសារភាពតានតឹងកើនឡើងជាមួយចិន រុស្ស៊ី និងកូរ៉េខាងជើង។ ដូច្នេះលោកបានសន្យាជាថ្មីថា នឹងពង្រឹងអំណាចយោធារបស់ប្រទេសជប៉ុន។
លោក Ishiba បានគូសបញ្ជាក់ថា ការរំលោភដែនអាកាសជប៉ុនដោយយន្តហោះចម្បាំងចិន និងរុស្ស៊ីកាលពីដើមឆ្នាំនេះ មិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់សុវត្ថិភាពរបស់ជប៉ុនផងដែរ ហើយវាពិតជារឿងមិនអាចទទួលយកបាន។
លោក Ishiba បន្ថែមថា ជប៉ុនប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីសកម្មភាពយោធារបស់ចិន ដែលបង្កើនល្បឿននៅជុំវិញឆ្នេរសមុទ្រជប៉ុន និងពីការបាញ់តេស្តមីស៊ីសម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។
លោក Ishiba បានសង្កត់ធ្ងន់ថា នៅពេលយើងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏តានតឹង និងស្មុគស្មាញបំផុត ខ្ញុំនឹងធ្វើឱ្យមានតុល្យភាព ព្រមទាំងពង្រឹងផ្នែកការទូត និងសន្តិសុខរបស់ប្រទេសជប៉ុន។
បើតាមនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សម្ព័ន្ធភាពជប៉ុន-អាមេរិក គឺជាអ្នកសម្របសម្រួលដោះស្រាយបញ្ហានេះ ដោយសន្យាថា នឹងបង្កើនទំនាក់ទំនងរបស់ជប៉ុនជាមួយអាមេរិក ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Trump ដូចដែលពួកលោកបានយល់ព្រម ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
បន្ទាប់ពីការបរាជ័យដ៏បំផ្លិចបំផ្លាញនៅក្នុងសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានផ្តល់អាទិភាពដល់ការស្តារសេដ្ឋកិច្ចឡើងវិញនូវវិស័យការពារជាតិ ក្រោមរដ្ឋធម្មនុញ្ញដែលបោះបង់ចោលសង្រ្គាម ប៉ុន្តែបានពង្រឹងសមត្ថភាពការពារខ្លួនជាបន្តបន្ទាប់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា