សម្តេច ម៉ែន សំអន ៖ ប្រទេសជាតិមានសុខសន្តិភាពពេញេលេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋកម្ពុជាអាចប្រារព្ធពិធីបុណ្យប្រពៃណីជាតិបានយ៉ាងអធិកអធម

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តសាមគ្គីរតនមុនី ស្ថិតក្នុងភូមិបុស្ស ឃុំស្វាយតាយៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

អង្គកឋិនទានសាមគ្គីនេះត្រូវបានផ្តួចផ្តើមឡើង ឯកឧត្តម ម៉ៅទី និងលោកជំទាវ គង់ សោមា, លោក ម៉ៅ លីណា និងលោកស្រី នី ធាវី, អ្នកស្រី ម៉ៅ សីហា និងលោក លឹម លីនដា និង អ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពទ្ធសីមាវត្តសាមគ្គីរតនមុនី។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមន៍សិល្បៈករខ្មែរ ក៏បានមានប្រសាសន៍ថា ៖ បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី ១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ដោយឡែកអង្គកឋិនទានថ្ងៃនេះ គឺកើតចេញពីការទឹកចិត្តជ្រះថ្លារបស់ក្រុមគ្រួសាររបស់អ្នកឧកញ៉ា ដើម្បីចាប់មគ្គផលក្នុងការកសាងសមិទ្ធិផលនៅក្នុងវត្តដែលត្រូវដង្ហែអង្គកឋិនចូលនាព្រឹកនេះ ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានមានប្រសាសន៍ផ្តាំផ្ញើរជូនដល់អង្គពិធីទាំងមូល នូវការផ្តំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅ គ្រប់ទីកន្លែង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ពិធីបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា នាពេលនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីបានជំនឿសាសនារៀងៗខ្លួន និងបុណ្យ ប្រពៃណីជាតិបានយ៉ាងអធិកអធម។ ហេតុនេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សានូវសមិទ្ធិផលដែលបានកសាងឡើងដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងបន្តចូលរួមបង្កើតនូវសមិទ្ធិផលថ្មីៗទៀត ដែល ជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរៀងខ្លួន ។

ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែលបានចូលរួក្នុងពិធីសំណេះសំណាលនោះ ក៏ទទួលបាន នូវមី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល ដែលជា អំណោយរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner