ឯកឧត្តម ទុយ រី ៖ ព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លា របស់ “ព្រះបរមរតនកោដ្ឋ” ក្នុងការទាមទារឯករាជ្យ ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
(ជប៉ុន)៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសង្កត់ធ្ងន់ពីព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លាដែលមិនអាចបំភ្លេចបានរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលបានរំដោះប្រទេសកម្ពុជាទាំងស្រុងចេញពីអាណានិគមបារាំង ដោយទទួលបានឯករាជ្យ នៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ដែលជាគ្រឹះដ៏រឹងមាំនាំឱ្យមកនូវសិទ្ធិសេរីភាព សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។
ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដោយមានការអញ្ចើញចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងភ្ញៀវជប៉ុន ប្រមាណជា ២០០នាក់ នៅក្នុងបរិវេនស្ថានទូត មានជាអាទិ៍ ការបញ្ចាំងវីដេអូស្តីពី កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជបូនីយកិច្ចកសាងជាតិដ៏ឧត្តុងឧត្តមរបស់ អង្គព្រះមហាក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ការសម្តែងរបាំជូនពរ និងរបាំទិវាប្រពៃ ការរាំកម្សាន្តតាមបែបប្រពៃណីខ្មែរ ការអកអំបុក និងការពិសារអាហារួមគ្នា។
ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី បានពាំនាំនូវសេចក្តីនឹករលឹកការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងបានគូសបញ្ជាក់ថា កម្មវិធីនេះ បានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានជួបសំណេះសំណាលគ្នា និងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាពបន្ថែមទៀត ក្នុងនាមជាគ្រួសារខ្មែរតែមួយទោះបីនៅក្រៅប្រទេសក្តី។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានរំលឹកឡើងវិញពីអតីតកាលរបស់ប្រទេសកម្ពុជា រួមមាន ១) ការទទួលបានសន្តិភាពតែក្នុងរយៈពេល ១៧ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩៥៣ ដល់ ១៩៧០, ២) ការបំផ្លិចបំផ្លាញទាំងស្រុងដល់ឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត, ៣) ថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជានៃការបញ្ចប់របបប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង៤) ការដាក់ចេញនូវ “នយោបាយឈ្នះ-ឈ្នះ” ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ នូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជាទាំងស្រុង និងសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ទុយ រី បានគូសបញ្ជាក់ថា ទាំងអស់ហើយគឺជាសមិទ្ធផលលេចធោ្លជាច្រើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន ១) ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ២) ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ៣) កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដំណាក់កាលទី១ (២០២៣-២០២៨) និងភាពរីកចម្រើនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងរយៈពេល ៧១ឆ្នាំកន្លងមក និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ ប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យបានផុសផុលដើម្បីឱ្យអ្នកទេសចរបរទេសក្នុងពិភពលោក កាន់តែស្គាល់ច្បាស់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ៕
ដោយ / គ្រី សម្បត្តិ