កីឡាករ កីឡាការិនីក្នុងសហព័ន្ធកីឡាជាតិថា រីករាយក្នុងការចូលរួមបង្ហាញក្បាច់សម្តែងពិសេសៗក្នុងកម្មវិធីThe Peak Prelude
ភ្នំពេញ៖ កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាជាតិកម្ពុជាជាច្រើនប្រភេទកីឡា ដូចជាតេក្វាន់ដូ WT វូស៊ូ គុនល្បុក្កតោ ប្រដាល់គុនខ្មែរជាដើម បានបង្ហាញក្តីរីករាយជាខ្លាំង ក្នុងការចូលរួមបង្ហាញក្បាច់សម្តែងពិសេសៗយ៉ាងជក់ចិត្តជាច្រើនឈុតជូនដល់ប្រិយមិត្តទស្សនិកជនជាតិ និងអន្តរជាតិ ក្នុងកម្មវិធី The Peak Prelude នៅផ្សារទំនើប ដឺភីក ។
ក្រុមជម្រើសជាតិកីឡាវូស៊ូកម្ពុជាដែលបានដឹកនាំដោយលោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា និងអ្នកគ្រូជំនាញរបស់សហព័ន្ធបានឱ្យដឹងថា ក្នុងកម្មវិធីនេះ អ្នកគ្រូបានដឹកនាំកីឡាករ កីឡាការិនីជម្រើសជាតិចំនួន ៨នាក់មកចូលរួមសម្តែងក្បាច់គុនពិសេសៗបង្ហាញជូនមហាជន និងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីនេះ ក្រោមការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីកម្មវិធី The Peak Prelude។ គ្រូជំនាញសហព័ន្ធបានបង្ហាញក្តីរីករាយ ដែលផ្សារទំនើប ដឺភីក បានគាំទ្រនិងបានអញ្ជើញកីឡាករ កីឡាការិនីចូលរួមបង្ហាញក្នុងកម្មវិធីនេះ ដើម្បីបំផុសស្មារតីឱ្យមហាជនកាន់តែស្គាល់ និងស្រឡាញ់កីឡាវូស៊ូកម្ពុជា។ ជាមួយគ្នានេះ កីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន បានលើកឡើងក្រោយបញ្ចប់ការសម្តែងនេះថា ការដាក់ក្បាច់គុនក្នុងការដើរបង្ហាញម៉ូតនេះ ខ្ញុំមានអារម្មណ៍ថា ប្លែកមែនទែន។
មុនដំបូង ខ្ញុំគិតថា អត់ធ្លាប់អាចនឹងឆ្គង ប៉ុន្តែតែនៅពេលយើងដាក់ក្បាច់គុនរួមបញ្ចូលទៅក្នុងការបង្ហាញម៉ូតហ្នឹង ប្រៀបដូចជាការបន្ថែមនូវសហសម័យមួយទៀត ដល់យើងថែមសម័យចូលជាមួយបុរាណ ហើយក៏ផ្ដល់នូវទស្សនីយភាពប្លែកដល់មិត្ដៗបរទេស ដែលគាត់ចូលចិត្តវិស័យបង្ហាញម៉ូត ទាញចំណាប់អារម្មណ៍ពួកគាត់ឱ្យស្គាល់ក្បាច់គុនបុរាណខ្មែររបស់យើង ក៏ដូចជាបង្ហាញដល់មិត្ដៗនារីឃើញថា នារីដែលតែងខ្លួនស្អាតៗ ទោះបីក្នុងកាលៈទេសៈបែបណា ក៏អាចការពារខ្លួនបាន។ ចឹងក្បាច់គុន គឺផ្លាស់ប្ដូរជីវិតគ្រប់ៗគ្នា នៅពេលពួកគាត់បានសិក្សាពីក្បាច់គុនចូលក្នុងខ្លួនគាត់។ សប្បាយចិត្ត ដែលទស្សនិកជន ពិសេសបរទេសស្រឡាញ់ ចាប់អារម្មណ៍ និងចូលចិត្ត ចំពោះការបង្ហាញនូវក្បាច់គុនបុរាណខ្មែរ»។
កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះជឿថា បើសិនជាការបង្ហាញនេះឱ្យកាន់តែច្រើន មិនថានៅបងប្អូននៅស្រុកខ្មែរយើងទេ ជាក់ស្ដែងទស្សនិកជនបរទេសគាត់ចូលរួមច្រើន ដូច្នេះអាចជំរុញឱ្យពួកគាត់ស្គាល់ក្បាច់គុនខ្មែរយើងកាន់តែច្រើនថា នៅខ្មែរយើងមានធនធានក្បាច់គុនច្រើន ដែលជាសិល្បៈក្បាច់គុនខ្មែរបុរាណ។ យើងបានបង្ហាញកាន់តែច្បាស់ឱ្យបរទេស ហើយបរទេសបានឃើញគុណភាពបែបនេះ គាត់នឹងនិយាយតៗទៅទៀត ដើម្បីផ្សព្វផ្សាយទៅដល់គ្នាគាត់ ដែលជួយជំរុញដល់ការទាក់ទាញភ្ញៀវទេសចរមកលេងស្រុកយើងកាន់តែច្រើនដែរ។
បើតាមការបញ្ជាក់ពីតំណាងផ្សារទំនើប ដឺភីក បានឱ្យដឹងថា នេះជាការបើកដំណើរការសាកល្បងជាមួយនឹងការរួមចំណែកដល់សិល្បៈក្បាច់គុណខ្មែរ និងការដើរម៉ូតសំលៀកបំពាក់កែច្នៃឡើងវិញ ដោយផ្សារទំនើប ដឺភីក បានបន្តនាំមកនូវភាពរស់រវើក និងភាពរំភើបរីករាយ តាមរយៈកម្មវិធី The Peak Prelude ដែលជាស៊េរីព្រឹត្តិការណ៍ក្នុងដំណាក់កាលការបើកដំណើរការសាកល្បង ដែលរួមបញ្ចូលគ្នានូវសិល្បៈ កីឡា អាហារ និងការតាំងពិពណ៌ជាច្រើន។
ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤មក ផ្សារទំនើប ដឺភីក បាននាំមកនូវកម្មវិធីដ៏មានភាពទាក់ទាញមួយមានឈ្មោះថា Sustainable Fashion Week ដែលជាសប្តាហ៍លើកតម្កើងពីការបង្ហាញនូវហាងលក់សម្លៀកបំពាក់បែបនិរន្តរភាព workshop កែច្នៃឡើងវិញ និងហាងលក់ម្ហូបអាហារជាច្រើន និងមានការតាំងបង្ហាញពីហាង Bodia Apothecary ជាមួយនឹងបទពិសោធន៍ថ្មីនៃការថតវីដេអូ ៣៦០ដ៏ពេញនិយម៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ