បាញ់ប្រហារក្នុងបារសម្លាប់មនុស្ស ១០នាក់នៅម៉ិកស៊ិក
បរទេស ៖ ខ្មាន់កាំភ្លើងបានបាញ់ប្រហារ ទៅក្នុងបារមួយកន្លែង នៅតំបន់កណ្តាល ប្រទេសម៉ិកស៊ិក បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១០នាក់ របួសមនុស្ស មួយចំនួនទៀត។
ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍ ស្ថិតក្នុងទីក្រុង Queretaro បានបង្កការភ្ញាក់ផ្អើល និងក្តីសង្វេគយ៉ាងខ្លាំង នៅក្នុងប្រទេស ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្ម។
ប៉ូលីសបាននិយាយថា ក្រុមខ្មាន់កាំភ្លើង ៤នាក់ បានបើកការបាញ់ប្រហារនេះ ហើយ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ដោយកំពុងបន្តការស៊ើបអង្កេត ដើម្បីតាមចាប់ជនល្មើស ដែលនៅសេសសល់។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia បានសន្យាថា នឹងបង្ក្រាបឧក្រិដ្ឋកម្ម និងពង្រឹងសន្តិសុខ តាមរយៈការអនុវត្តផែនការសន្តិសុខថ្មី ដែលផ្តោតលើការបង្កើនឱកាសសម្រាប់យុវជន ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងពង្រាយកងកម្លាំងឆ្មាំជាតិ។
នៅទូទាំងប្រទេសម៉ិកស៊ិក អំពើហឹង្សាកើនឡើង ដែលភាគច្រើន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងក្រុមក្មេងទំនើង ដោយគេបានដឹងថា មនុស្សជាង ៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ២០០៦។ ការដោះស្រាយបញ្ហាឃាតកម្ម និងការចាប់ជំរិត ដែលកើតមាន ជារៀងរាល់ថ្ងៃ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលលោកស្រីប្រធានាធិបតី Claudiaកំពុងប្រឈមមុខ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត