ទូកនៅតាមខេត្តកំពុងហាត់សម ដើម្បីត្រៀមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ
(កណ្ដាល)៖ ទូកក្នុងខេត្តកណ្ដាលដែលត្រូវចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមទម្លាក់ចូលក្នុងទន្លេ ដើម្បីហាត់សម និងត្រៀមខ្លួនអុំមកកាន់រាជធានី ។
ក្នុងពិធីក្រុងពាលីសូមសេចក្តីសុខ និងទម្លាក់ទូកចូលទន្លេ ដើម្បីហាត់សម ព្រះភិក្ខុ លឹង ម៉េងហាក់ គង់នៅវត្តឥន្ទលីបូណ៍ ស្ថិតក្នុងឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានសង្ឃដីកាថា វត្តអារាមនេះ មានទូកចំនួន៣ នឹងចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយក្នុងនោះមានទូកមូង (ទូកចែវ)១ ឈ្មោះរស្មីបុរីតេជោសែនជ័យ កកើតឡើងតាំងពីទសវត្សឆ្នាំ៦០មកម្ល៉េះ (ពេលនោះឈ្មោះរស្មីបុរីឫទ្ធ) និងទូក២ទៀតខ្នាតអន្តរជាតិ មួយឈ្មោះ យុវជន ស.ស.យ. ក ពុកឫស្សី និងមួយទៀតឈ្មោះ ពេជ្រមានជ័យមហាធិបតី ។
ព្រះអង្គមានថេរដីកាបន្តថា បច្ចុប្បន្ននេះទូកទាំង៣ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ទាំងចំណុះទូក ទាំងបច្ចេកទេស ហើយក៏បានយល់ច្បាស់លាស់ ពីលក្ខន្តិកៈនៃការប្រកួត និងក្នុងនាមជំនួសព្រះភក្ត្រព្រះគ្រូចៅអធិការ ក៏បានណែនាំរួចរាល់ហើយ ទៅកាន់ចំណុះទូកទាំងអស់ ទោះបីក្នុងលទ្ធផលណាក៏ដោយ ឈ្នះ ឬចាញ់ ក៏ត្រូវរួមគ្នា ធ្វើឲ្យពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ បានប្រព្រឹត្តិទៅដោយរលូន និងមានការសប្បាយរីករាយ ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ តាមការគ្រោងទុកព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍ ។
ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុងគោលបំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបានចូលមកឈ្លានពានត្រួតត្រាខ្មែរអស់រយៈពេល៤ឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ