មេអ៊ីស្រាអែលប្រាប់ Trump ជាថ្មី អំពីការគំរាមកំហែង របស់អ៊ីរ៉ង់
បរទេស ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាន អះអាងថា លោកបាននិយាយម្តងទៀត ជាមួយលោក Trump អំពី «ការគំរាមកំហែងរបស់អ៊ីរ៉ង់» នេះបើតាមការិយាល័យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយ កាលពីថ្ងៃអាទិត្យ។
ប្រភពថា លោកបាននិយាយបីដង ជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ អំពីការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះសន្តិសុខអ៊ីស្រាអែល។ លោក Netanyahu បានបន្ថែម ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ថា «យើងមើលឃើញនឹងភ្នែក លើការគំរាមកំហែងរបស់អ៊ីរ៉ង់ ក្នុងគ្រប់ទិដ្ឋភាព»។
លោក Netanyahu ក៏បាននិយាយថា លោកបានពិភាក្សាជាមួយលោក Trump អំពី «ឱកាសដ៏អស្ចារ្យ នៅចំពោះមុខអ៊ីស្រាអែល ក្នុងវិស័យសន្តិភាព ដែលត្រូវពង្រីក..
សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្ត និងជាអ្នកគាំទ្រយោធាកំពូល របស់អ៊ីស្រាអែល ហើយការបោះឆ្នោត បានធ្វើឡើង ចំពេលវេលាដ៏សំខាន់មួយ សម្រាប់តំបន់មជ្ឈិមបូព៌ា, សង្រ្គាមនៅហ្គាហ្សា និងលីបង់»។
ក្រុមអ្នកវិភាគជឿថា លោក Netanyahu បានសង្ឃឹម សម្រាប់ការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមានវិញ ផ្តល់នូវមិត្តភាពផ្ទាល់ខ្លួន ដ៏យូរអង្វែង រវាងអ្នកទាំងពីរ។
ក្នុងអំឡុងពេលអាណត្តិដំបូង លោក Trump បានផ្លាស់ប្តូរស្ថានទូតអាមេរិក ទៅកាន់ទីក្រុង ហ្សេរុយសាឡឹម ដោយបានទទួលស្គាល់អធិបតេយ្យភាព របស់អ៊ីស្រាអែល លើតំបន់ Golan Heights៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត