សហព័ន្ធកីឡាវាយសីកម្ពុជា កំពុងជម្រុញអភិវឌ្ឍសីផលិតពីជ័រមួយទៀតនៅក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានសហព័ន្ធ បាននិងកំពុងជម្រុញការអភិវឌ្ឍសីផលិតពីជ័រមួយមន្ថែមទៀតនៅកម្ពុជា ដោយជឿជាក់ថា វត្តមានសីផលិតចេញពីជ័រមួយនេះ នឹងកសាងបានប្រជាប្រិយភាពកាន់តែខ្លាំងនៅទូទាំងប្រទេសកម្ពុជា ។
នេះបើយោងតាម ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍ ក្រោយបិទបញ្ចប់វគ្គបណ្តុះបណ្តាល អែ បាត់មីនតុន (AIR BADMINTON) ដែលរៀបចំដោយ សហព័ន្ធវាយសីកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រ របស់សហព័ន្ធកីឡាវាយសីអាស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តម បានគូសបញ្ជាក់ថា ការចាប់យកសីផលិតចេញពីជ័រមួយទៀត មកកាន់ប្រទេសកម្ពុជា មិនមានន័យថា យើងបោះបង់ចោលសីស្លាបនោះទេ សីស្លាបនៅតែបន្តអភិវឌ្ឍន៍ រីឯសីផលិតចេញពីជ័រ គឺយើងកំពុងអភិវឌ្ឍ ដោយហេតុថា ប្រភេទសីមួយនេះ ក៏មានអត្ថប្រយោជន៍ និងអាចទាក់ទាញអ្នកលេងបានច្រើន ព្រោះវាអាចលេងបានគ្រប់ទីកន្លែង ទោះបីជាមានមេឃភ្លៀងក៏យើងអាចលេងបាន ហើយ ថែមទាំងចំណាយសម្ភារៈតិចដូចជាគ្រប់សីមួយអាចលេងបានច្រើនខែផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា តាមផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសី បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះចប់ មន្រ្តីរបស់សហព័ន្ធនិងធ្វើការបញ្ជាបផ្សព្វផ្សាយតាមបណ្តាខេត្ត និងតាមបណ្តាសួនច្បារ ក្នុងនោះក៏មានការចែកគ្រប់សីផលិតពីជ័រជូនអ្នកលេងផងដែរ។
ឯកឧត្តម អគ្គលេខាធិការ បានអះអាងថា សម្រាប់កម្ពុជានឹងពង្រីកវិសាលភាពសីគ្រប់ជ័រនេះ ដោយបង្កើតជាការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាវាយសីចាប់ពីឆ្នាំ២០២៥ទៅ ប៉ុន្តែមិនមែនជាការប្រកួតសម្រាប់ជម្រើសជាតិចូលរួមឡើយ ពោលការប្រកួតរៀបចំសម្រាប់កុមារ កីឡាករកីឡាការិនីជាមហាជនឱ្យចូលរួមប្រកួត ព្រោះវាជាការជម្រុញនិយមភាពក្នុងការបំផុសនៅឡើយ។ ប្រសិនបើនៅពេលខាងមុខទៀត សហព័ន្ធវាយសីអន្តរជាតិមានបង្កើតជាការប្រកួតកម្រិតអន្តរជាតិធំៗដែលតម្រូវឱ្យបណ្តាប្រទេសជាសមាជីកចូលរួមនោះ សហព័ន្ធនិងមានការប្រកួតជម្រុះផ្ទៃក្នុង ដើម្បីចំរាញ់យកជម្រើសជាតិទៅចូលរួមប្រកួតដូចបណ្តាប្រទេសៗផ្សេងៗដែរ។
សូមបញ្ជាក់ថា អែ បាត់មីនតុន (AIR BADMINTON) គឺបានប្រជុំជជែកគ្នា ដើម្បីដាក់ឱ្យបណ្តាលប្រទេសយកប្រភេទសីនេះ ទៅលេង បានដំណើរការជជែករយៈពេល៣ឆ្នាំមកហើយ ទើបតែ២ឆ្នាំចុងក្រោយនេះទេ គ្រប់សីផលិតចេញពីជ័រមួយនេះចាប់ផ្តើមបង្ហាញវត្តមាននៅប្រទេសអាព្រីក អឺរ៉ុប ប៉ុន្តែមិនមែនជាការប្រកួតពានង្វាន់ធំៗនោះឡើយ ។ពោលវាគ្រាន់តែជាការប្រកួតដែលរៀបចំនៅក្នុងស្រុកដើម្បីនិយមភាពបំផុសផ្សព្វផ្សាយនូវឡើយ៕
ថតដោយ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ