ក្រុមការងារ យុវជន ស.ស.យ.ក ក្រសួងកសិកម្ម ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្សិក្រីក្រ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ លោក ហុង ប៉ុណ្ណាកា អនុប្រធាន ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា ព្រមទាំងបានសហការជាមួយ ស.ស.យ.ក ស្រុកអូរជ្រៅ និងអាជ្ញាធរមូលដ្ឋាន បានចុះចែកសម្ភារសិក្សា និងសម្ភារប្រើប្រាស់ដល់សិស្សានុសិស្សិក្រីក្រ នៅសាលាបឋមសិក្សា កូបតូច និងសាលាបឋមសិក្សាអូរត្មាតពង (កោះចារ) ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដែលមានបំណងចង់សិក្សារៀនសូត្រ តែគ្មានលទ្ធភាពគ្រប់គ្រាន់ ចំនួន០២ភូមិ គឺភូមិកូបតូច និងភូមិកោះចារ ស្ថិតនៅក្នុងឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក ហុង ប៉ុណ្ណាកា បាននាំនូវការផ្ដាំផ្ញើសួរសុខទុកពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដល់សិស្សានុសិស្សក្រីក្រលំបាកចំនួនសរុប ២៥នាក់ ស្មើនឹង ១៨គ្រួសារ។
អំណោយដែលប្រគល់ជូន ក្នុងម្នាក់ៗទទួលបានឃីតសិក្សាមួយចំនួនធំ និងថវិកាឧបត្ថម្ភចំនួន២០ ០០០រៀល/ម្នាក់។
ដោយមើលឃើញជីវភាពក្រីក្រលំបាកជាងគេរបស់សិស្សពីរនាក់បងប្អូនរស់នៅភូមិកូបតូច ម្នាក់ឈ្មោះ ផៃ សំនៀង ត្រូវជាបងស្រី រៀនថ្នាក់ទី៦ និងម្នាក់ទៀតឈ្មោះ ផៃ សុផាន រៀនថ្នាក់ទី១ លោក ហុង ប៉ុណ្ណាកា ក្រុមការងារបានឧបត្ថម្ភកង់មួយគ្រឿងបន្ថែមទៀត។
ទន្ទឹងនឹងនេះ លោកប្រធាន ក៏បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងរៀននៅសាលាបឋមសិក្សាកូបតូច ព្រមទាំងបានផ្ដល់ជូនសៀវភៅចំនួន ២៧៥ក្បាល ក្នុងនោះសៀវភៅរឿងនិទានចំនួន ១៧៥ក្បាល និងសៀវភៅចំណេះដឹងទូទៅចំនួន ១០០ក្បាល សម្រាប់ដាក់ក្នុងបណ្ណាល័យ។
ក្នុងឱកាសចុះចែកសម្ភារទាំងនោះ ក្រុមការងារ ក៏បានចូលសួរសុខទុក្ខលោកយាយចាស់ជរាគ្មានទីពឹងមានជំងឺប្រចាំកាយ និងពិការចំនួន១៤នាក់ ក្នុងនោះស្រី០៨នាក់ ដោយក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគផងដែរ ៕
ប្រភព ៖ ក្រសួងកសិកម្ម