រដ្ឋធានីឥណ្ឌាប្រើយន្តហោះដ្រូនពិសេសកម្ចាត់ផ្សែងអ័ព្ទពុល

ញូវដេលី ៖ រដ្ឋធានីរបស់ប្រទេសឥណ្ឌ ថ្មីៗនេះបានបង្ហាញផែនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនពិសេស ដើម្បីសម្អាតផ្សែងអ័ព្ទពុលនៅលើផ្ទៃមេឃ ដែលនេះជាផែនការមួយដោះស្រាយវិបត្តិសុខភាពសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង AFP។

ផែនការនេះ ចាប់ផ្តើមឡើងដោយការសាកល្បងបញ្ជាយន្តហោះដ្រូនពិសេស ហោះហើរជុំវិញចំណុចបំពុលនានាក្នុងទីក្រុង ដើម្បីបាញ់ទឹកកម្ចាត់ផ្សែងអ័ព្ទពុល ដែលនេះជាកិច្ចខិតខំប្រឹងប្រែងសម្អាតធូលី និងភាគល្អិតតូចៗបង្កគ្រោះថ្នាក់ចេញពីផ្ទៃអាកាស។

អ្នកបច្ចេកទេសនៅកន្លែងនោះ បានប្រាប់កាសែតបារាំង AFP ថា យន្តហោះដ្រូនបានផ្ទុកទឹកអតិបរមា ១៦លីត្រ ហើយអាចដំណើរការបានតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងមួយលើក មុនពេលពួកគេត្រូវការបំពេញបន្ថែម។

រដ្ឋមន្ត្រីបរិស្ថានទីក្រុងញូវដេលី លោក Gopal Rai បាននិយាយបន្ទាប់ពីចាប់ផ្តើមគំនិតផ្តួចផ្តើមគំនិតនេះថា ការប្រើប្រាស់យន្តហោះដ្រូនពិសេស គឺជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាល តែយើងនឹងសិក្សាបន្ថែម ហើយប្រសិនបើវាជោគជ័យ នោះយើងនឹងបន្តដំណើរទៅមុខទៀត។

លោក Rai បន្ថែមថា នៅពេលបញ្ចប់ការសាកល្បង រដ្ឋាភិបាលទីក្រុងញូវដេលី នឹងដេញថ្លៃទិញយន្តហោះដ្រូនចំនួនពីរគ្រឿងបន្ថែមទៀត សរុបទាំងអស់បីគ្រឿង ដើម្បីប្រើកាត់បន្ថយការបំពុលខ្យល់នៅទូទាំងរដ្ឋធានី ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១,៥០០គីឡូម៉ែត្រការ៉េ ឬមានទំហំប៉ុនទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។

រដ្ឋធានីញូវដេលី និងតំបន់ជុំវិញមានប្រជាជនជាង ៣០លាននាក់ បានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក ជុំវិញការបំពុលខ្យល់ក្នុងរដូវរងា។ ផ្សែងអ័ព្ទត្រូវបានស្តីបន្ទោស ចំពោះការសម្លាប់មនុស្សមុនអាយុរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ និងជាប្រភពទុក្ខវេទនាប្រចាំឆ្នាំសម្រាប់អ្នករស់នៅទីក្រុងនេះ ដោយសារតែគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកន្លងមក បានបរាជ័យដោះស្រាយបញ្ហានេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner