សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត និងឈើលេខ១ បានជាង ៥០កំណាត់ ប្រគល់ឱ្យរដ្ឋបាលព្រៃឈើ !
(ខេត្តក្រចេះ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឱ្យកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កឹម ភត្រា សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ចុះបង្ក្រាប និងរឹបអូសឈើប្រណីត និងឈើអារលេខ១ បានចំនួន ៥២កំណាត់ ក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រែស្បួវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មានឈ្មួញមួយក្រុមបានធ្វើសកម្មភាព ដឹកជញ្ជូនឈើធ្វើជំនួញយ៉ាងអនាធិបតេយ្យ និងគ្មានច្បាប់អនុញ្ញាតនោះទេ ដោយធ្វើឡើងស្ទើររៀងរាល់ថ្ងៃ យកមកស្តុកនិងលាក់ទុកនៅក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ ១កន្លែង នៅក្នុងមូលដ្ឋានបង្ក្រាបខាងលើ ហើយក៏មិនដែលមានសមត្ថកិច្ចណា ហ៊ានចេញមុខមកបង្ក្រាបនោះដែរ។ ទើបតែពេលនេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារាង បានបញ្ជាឱ្យធ្វើការបង្ក្រាប ប៉ុន្តែ ក្រុមឈ្មួញឈើហាក់ដឹងខ្លួនមុន បានបើករថយន្តគេចខ្លួនបាត់អស់។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ទីតាំងស្តុកលាក់ទុកឈើគ្មានច្បាប់អនុញ្ញាត ដែលរងការបង្ក្រាបនៅពេលនោះ ម្ចាស់ផ្ទះ ឈ្មោះ យាន់ តិ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ ខាងលើ។ លោកថា ម្ចាស់ផ្ទះស្តុកឈើបាននិយាយថា ទាំងឈើទាំងគោយន្តកន្ត្រៃដឹកឈើ មិនមែនជារបស់គាត់នោះទេ ឈើនិងគោយន្តទាំងនេះម្ចាស់ពិតប្រាកដឈ្មោះ យី ប្រពន្ធរបស់គេលក់នុំបញ្ចុកនៅទល់មុខផ្ទះ (តាហេន) ស្ថិតក្នុងភូមិ-ឃុំ ជាមួយគ្នា។ ហើយឈើដែលដឹកយកមកទម្លាក់ទុក នៅក្នុងបរិវេណផ្ទះរបស់លោក គឺ ឈ្មោះ យី ទុកលលក់បន្តទៅឱ្យឈ្មោះ វ៉ា ដឹកជញ្ជូនតាមរថយន្តសាំយ៉ុងពណ៌ស ស្លាកលេខ ភ្នំពេញ 2K-7522 ។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើ បានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសឈើ ២ប្រភេទ គឺ ឈើប្រណីត ច្រេស និងឈើអារលេខ១ (ឈើសុក្រំ) សរុបចំនួន ៥២កំណាត់ មិនទាន់ធ្វើការវាស់វែង និងគោយន្តកន្ត្រៃ ១គ្រឿង ដែលជាមធ្យោបាយបម្រើឱ្យការដឹកជញ្ជូនឈើអាណាធិបតេយ្យ និងគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ក្រោយការបង្ក្រាប កម្លាំងស្នាក់ការសន្តិសុខ ៧០៨ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានផ្ទេរប្រគល់ទៅឱ្យ សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ យកទៅរក្សាទុក និងចាត់ការតាមច្បាប់ ស្តីពីព្រៃឈើ ៕
ដោយ ៖ ឡុង សំបូរ