រជ្ជទាយាទអារ៉ាប៊ីសាអូឌីតទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងលីបង់
រីយ៉ាដ ៖ មេដឹកនាំអារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់រួម និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម ដែលនឹងបន្តការអំពាវនាវឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
មេដឹកនាំអារ៉ាប់ និងមូស្លីមបានប្រមូលផ្តុំគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពោលគឺជាងមួយឆ្នាំក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
ថ្លែងបើកកិច្ចប្រជុំកំពូលនេះ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និយាយថា សហគមន៍អន្តរជាតិត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងបងប្អូនរបស់យើងនៅប៉ាឡេស្ទីន និងលីបង់ ដោយថ្កោលទោសយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សាថា ជា “អំពើប្រល័យពូជសាសន៍”។
ព្រះអង្គម្ចាស់ bin Salman បន្តថា អារ៉ាប៊ីសាអូឌីតគាំទ្របងប្អូននៅប៉ាឡេស្ទីន និងលីបង់ ដើម្បីយកឈ្នះលើផលវិបាកផ្នែកមនុស្សធម៌ដ៏មហន្តរាយ បណ្តាលមកពីការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្ត។
សេចក្តីព្រាងដំណោះស្រាយសម្រាប់កិច្ចប្រជុំកំពូលនេះ បានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់សិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន និងចំពោះរដ្ឋឯករាជ្យ និងអធិបតេយ្យភាព។ ព្រះអង្គម្ចាស់ Mohammed ក៏បានអំពាវនាវដល់អ៊ីស្រាអែល កុំឱ្យ វាយប្រហារអ៊ីរ៉ង់ផងដែរ៕
ប្រភព ៖ ប្រែសម្រួល ឈឹម ទីណា