រដ្ឋបាលជលផលបានទទួលប្រព័ន្ធត្រួតពិនិត្យនាវាចំនួន ១.៦០០គ្រឿង​ពីអង្គការស្បៀងនិងកសិកម្ម​នៃ​សហប្រជាជាតិ

ភ្នំពេញ៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព​និង​បរិយាបន្ន (CAPFISH-Capture) របស់អង្គការ​ស្បៀងនិង​កសិកម្ម​នៃ​សហប្រជាជាតិឬ​ ហ្វាវ (FAO) ដែលទទួលបានជំនួយថវិកាពីសហភាព​អឺរ៉ុប (EU) បាននិងកំពុងគាំទ្រ​ដល់រដ្ឋបាល​ជលផលនូវ​បច្ចេក​ទេស​ថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ រដ្ឋបាល​ជលផលបានបំពាក់រួចរាល់ចំនួន ៨០០ គ្រឿងនា​ពេលថ្មីៗនេះលើនាវា​ខ្នាតមធ្យម និងខ្នាតវែង និងបន្តបំពាក់ចំនួន៨០០គ្រឿងបន្ថែមទៀតឱ្យ​សម្រេចរួចរាល់នៅឆ្នាំ២០២៥ សម្រាប់​បណ្ដាខេត្ត​តំបន់ឆ្នេរទាំង៤រួម​មាន ព្រះសីហនុ កោះកុង កំពត និងកែប។នេះបើយោង​តាមសចក្តី​ប្រកាសព័ត៌មាន​របស់​អង្គការ​​ហ្វាវកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤​។

អង្គការដដែលបានឱ្យដឹងថា ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះ​ដំណើរ​ការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមានប្រើភ្ជាប់​ជាមួយ​​ប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។

ប្រព័ន្ធ VMS របស់កម្ពុជាប្រើប្រាស់បណ្តាញទូរសព្ទ និងបណ្តាញផ្កាយ​រណប ដើម្បីរាយការណ៍ពីទីតាំងរបស់នាវានេសាទ។ ការប្រើ​ប្រាស់​ប្រព័ន្ធ VMSជួយរដ្ឋាភិបាលក្នុងការត្រួតពិនិត្យដែននេសាទនិង​កំណត់ថា តើនាវានេសាទស្ថិតនៅក្នុងដែននេសាទ​ដែល​អនុញ្ញាត។

នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់​កាលទី២សម្រាប់កម្ពុជា ដែលបានបំពាក់នៅលើ​ទូកនេសាទ និង​ឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ។អង្គការហ្វាវបានបន្ថែមថា ប្រព័ន្ធត្រួតពិនិត្យនាវា​ដំណាក់កាល​ទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពីដំណាក់កាលទី១ ដោយកាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿង​ត្រូវបាន​បំពាក់ និងធ្វើតេស្តសាកល្បងដែលមានទំហំលើសពី១៨ម៉ែត្រ។ អង្គការក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាល
ជលផល អំពីរបៀបដំណើរការឧបករណ៍ទាំងនោះផងដែរ។

ប្រព័ន្ធត្រួតពិនិត្យនាវា (VMS)ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់​ប្រជានេសាទ ជាឧទាហរណ៍ក្នុងករណីនាវា ឬទូក​ជួបបញ្ហានៅ​លើផ្ទៃសមុទ្រ គេអាចកំណត់បានពីទីតាំងជាក់លាក់ចុងក្រោយ​របស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបាន​ប្រើជា​ជំនួយក្នុង​ប្រតិបត្តិការរុករកនាវា ឬទូក ដែលជួបបញ្ហា។ រីឯការដំឡើង​នោះទៀតសោត គឺមិនមានតម្រូវឱ្យចំណាយថវិកានោះឡើយ។

អង្គការហ្វាវការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិ​ដោយ​សហ​ភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញ​កំណើនវិស័យជលផលប្រកប​ដោយ​ចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំ​បំផុតមួយរបស់សហភាពអឺរ៉ុប។ ផែនការ​គ្រប់គ្រងជលផលសមុទ្រក៏រួម​បញ្ចូលការគ្រប់គ្រងលំហ និងការរៀបចំផែនការ ដើម្បីបញ្ជ្រាបទៅ​ក្នុងផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រ​របស់កម្ពុជា ដើម្បីធានាបាននូវអនុ​លោម​ភាពរវាងការប្រើប្រាស់ធនធាន និងការអភិវឌ្ឍ។

កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ​នានា​ស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការ​អនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កម្មវិធីជំរុញកំណើនវិស័យជល​ផល​ប្រកប​​​ដោយ​ចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ)មានគោល​បំណង​ជួយដល់​រាជរដ្ឋាភិបាល​កម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍធន​ធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួម​ចំណែក​ដល់សន្តិសុខ​ស្បៀង និង​ការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែ​លម្អការអភិរក្ស ការគ្រប់គ្រង និងការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ​ជល​ផលក្នុង​ដែន​នេសាទសមុទ្រ និងទឹកសាប រួមចំណែកដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់​សហគមន៍​នេសាទ​បឹងទន្លេសាប និងតំបន់ឆ្នេរតាមរយៈធ្វើឱ្យប្រសើរឡើងសន្តិសុខស្បៀង៕
ដោយ៖មុនី
រូបថត៖អង្គការហ្វាវ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner