មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ផ្តល់កញ្ចប់ជំនួយ១.០០០កញ្ចប់សម្រាប់ស្ត្រី និងក្មេងស្រីរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀតនៅកម្ពុជា
ភ្នំពេញ៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA,យូអិនអេហ្វភីអេ) បានធ្វើលទ្ធកម្មសម្ភារប្រើប្រាស់ចាំបាច់ចំនួន ១ ០០០ កញ្ចប់ ត្រៀមសម្រាប់ផ្តល់ជូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ ព្យុះទីហ្វុង គ្រោះរាំងស្ងួត ឬគ្រោះមហន្តរាយធម្មជាតិដទៃទៀត ក៏ដូចជាជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់យូអិនអេហ្វភីអេនៅថ្ងៃអង្គារទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា នេះការឆ្លើយតបទៅនឹងការព្យាករនៃហានិភ័យទឹកជំនន់ និង សក្តានុពលនៃគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។គំនិតផ្តួចផ្តើមនេះ កើតឡើងក្រោយមានការប៉ាន់ប្រមាណរួមគ្នាដែលធ្វើឡើងដោយ វេទិកាឆ្លើយតបទៅនឹងកិច្ចការមនុស្សធម៌ (Humanitarian Response Forum) ក្រសួងធនធានទឹកនិងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលព្យាករថាទឹកភ្លៀងលើសពីកម្រិតមធ្យម និងហានិភ័យទឹកជំនន់កើនឡើងពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០២៤។ ការប៉ាន់ប្រមាណនេះក៏បានទទួលស្គាល់នូវសក្តានុពលសម្រាប់គ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដែលអាចនឹងកើតឡើងក្នុងរយៈពេលនេះ ដែលនឹង បង្កើនភាពងាយរងគ្រោះចំពោះស្ត្រីនិងក្មេងស្រីផងដែរ។
លោកស្រី សានដ្រា បឺនភ្ញៀវ តំណាងប្រចាំប្រទេសនៃ UNFPA កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា “អំឡុងគ្រាអាសន្ន ស្ត្រីនិងក្មេងស្រី មាន ហានិភ័យខ្ពស់ដោយសារអំពើហិង្សានិងការរំលោភបំពាន ស្របពេលជាមួយគ្នានេះ ពួកគេមានការលំបាកខ្លាំងក្នុងការទទួលបានសេវាសំខាន់ៗ” ។ “កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ ជួយស្ត្រីនិងក្មេងស្រីនៅពេលដែលពួកគេស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត ។កញ្ចប់ នេះមានសម្ភារផ្គត់ផ្គង់ចាំបាច់ដែលអាចជួយពួកគេក្នុងពេលដ៏លំបាកនេះ។”
លោកស្រីបន្ថែមថា វិធានការត្រៀមរៀបចំនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ UNFPA ឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាពផ្លូវភេទនិង សុខភាពបន្តពូជនិងសិទ្ធិក្នុងប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំង កន្លែងផ្តល់សេវាចម្រុះដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹង យេនឌ័រ (OSSU) ក្នុងខេត្តចំនួនបួន។
កញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ទាំងនេះ ត្រូវបានរៀបចំតម្រូវទៅនឹងសេចក្តីត្រូវការពិសេសរបស់ស្ត្រីនិងក្មេងស្រីក្នុងស្ថានភាពមានវិបត្តិ។ ក្នុងកញ្ចប់នីមួយៗ មាន សម្ភារអនាម័យ សម្លៀកបំពាក់ និងព័ត៌មានចាំបាច់អំពីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជនិងសិទ្ធិ និងសេវា គាំទ្រផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រផងដែរ។
ប្រភពដដែលបន្ថែមថា UNFPAកំពុងសហការជាមួយដៃគូសំខាន់ៗដើម្បីធានាឱ្យបាននូវការបែងចែកនូវកញ្ចប់សម្ភារប្រើប្រាស់ចាំបាច់ទាំងអស់ប្រកបដោយ ប្រសិទ្ធិភាពនិងចំគោលដៅ ក្នុងនេះ កាកបាទក្រហមកម្ពុជាទទួលបានកញ្ចប់សម្ភារប្រើប្រាស់ចំនួន ៦០០ កញ្ចប់ នឹងត្រូវបានបែងចែកតាមរយៈបណ្តាញទូទាំងប្រទេស របស់កាកបាទក្រហមកម្ពុជា ទៅដល់សហគមន៍ដែលរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិដែលនៅដាច់ស្រយាលបំផុត។មន្ទីរកិច្ចការនារីខេត្តទទួលបានចំនួន ៣០០ កញ្ចប់ នឹងត្រូវបានប្រគល់ជូនទៅមន្ទីរកិច្ចការនារីខេត្ត កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ និង ស្ទឹងត្រែង ដែលជាកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់ជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសអ្នកដែលរងគ្រោះបន្ថែមដោយសារគ្រោះមហន្តរាយធម្មជាតិ។ចំណែកអង្គការនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ទទួលបានកញ្ចប់ចំនួន ១០០ កញ្ចប់ នឹងត្រូវប្រគល់ជូនទៅ អង្គការនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តដែលងាយរងគ្រោះ ហើយដែលអាចរងគ្រោះ ធ្ងន់ធ្ងរដោយសារផលវិបាកសេដ្ឋកិច្ចនិងសង្គមបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ។
គប្បីជម្រាបជូនថា មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន គឺជាទីភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ។ បេសកកម្ម របស់ UNFPA គឺនាំមកនូវពិភពលោកមួយ ដែលរាល់ការមានផ្ទៃពោះគឺតាមក្តីប្រាថ្នា រាល់ការសម្រាលកូនគឺមានសុវត្ថិភាព ស្ត្រីនិងក្មេង ស្រីគ្រប់រូបរស់នៅដោយគ្មានអំពើហិង្សា ហើយរាល់សក្តានុពលយុវជនត្រូវបានបំពេញ៕
ដោយ៖ម៉ាដេប៉ូ
រូបថត៖UNFPA