ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានរកឃើញម្ចាស់ជើងឯក

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលល ៦ខែ ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានបញ្ចប់ និងបានរកឃើញម្ចាស់ជើងឯក ដែលកម្មវិធីបិទធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានឱ្យដឹងថា ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” បានជ្រើសរើសទីតាំងចំនួន៣ គឺ “សួនច្បារផ្សារចាស់” “ផ្សារកណ្តាល” “បណ្ណាល័យ ជាតិ” នៃរាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការប្រកួតជែង ដោយមានរយៈពេល ៦ខែ ហើយបេក្ខជនជានិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូប នីយកម្ម វិស្វកម្ម ផ្សេងៗ ឆ្នាំទី៣ដល់ទី៥ និងបានធ្វើការប្រកួតចំនួន២វគ្គ ដោយវគ្គទី១ ជម្រុះយកតែ ១២ក្រុម និងវគ្គផ្តាច់ យកក្រុមជ័យលាភី ចំនួន៣ក្រុម គឺ១ទីតាំង យកជ័យលាភីឯក ១ក្រុម ។

កម្មវិធីប្រកួតប្រជែងនេះ បង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥៖
១. ការពង្រឹងពង្រីកសហគមន៍៖ ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋឱ្យទទួលខុសត្រូវភាពជាម្ចាស់នៃ តំបន់របស់ពួកគាត់ លើកកម្ពស់ស្មារតីការចូលរួមអោយកាន់តែច្រើន
២. ទំនាក់ទំនងសង្គម៖ ពង្រឹងចំណងមិត្តភាពកាន់តែរឹងមាំក្នុងចំណោមសមាជិកសហគមន៍ តាមរ យៈគម្រោង និងសកម្មភាពសហការ។
៣. ការអភិវឌ្ឍន៍សេដ្ឋកិច្ច៖ គាំទ្រអាជីវកម្មក្នុងតំបន់ និងគំនិតផ្តួចផ្តើមដើម្បីបង្កើតឱកាសការងារ និង លើកកំពស់វិបុលភាពសេដ្ឋកិច្ចនៅក្នុងតំបន់
៤. និរន្តរភាព៖ លើកកម្ពស់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថាន និងការកែលម្អហេដ្ឋារចនាសម្ព័ ន្ធ ដើម្បីធានាបាននូវសុខមាលភាពយូរអង្វែងរបស់សហគមន៍
៥. ផលិតឯកសារជាធាតុចូលសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលប្រើប្រាស់តាមភាព
ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ទិព្វសីហា មានប្រសាសន៍ថា ការប្រកួតប្រជែងកម្មវិធីស្នាដៃរចនាសហគមន៍ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភូមិ១ សហគមន៍១” ធ្វើឡើងដើម្បីផ្តល់ឱកាសដល់ប្អូនៗជានិស្សិតជំនាញស្ថាបត្យកម្មនិងនគរូបនីយកម្ម បានបញ្ចេញស្នាដៃ និងគំនិតច្នៃប្រឌិតក្នុងការចូលរួមផ្តល់យោបល់លើកែលម្អ សោភណ្ឌភាពរាជធានី ទីក្រុង និងទីប្រជុំជន ការរៀបចំជួសជុលនិងថែរក្សាសំណង់ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងការរៀបចំកែសម្ផសួនច្បារសាធារណៈឱ្យមានភាពរស់រវើក, ភាពទាក់ទាញ, ការរស់នៅប្រកបដោយផាសុខភាព, ភាពសុខសាន្ត និង មានភាពស្និតស្នាលក្នុងសហគមន៍ ពិសេសការចូលរួមចំណែកអភិវឌ្ឍន៍មូលធនបញ្ញា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចលនាភូមិ១សហគមន៍១ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ការធ្វើឱ្យប្រសើរឡើងការរស់នៅក្នុងសហគមន៍ ការបង្កើតការងារនៅនឹងកន្លែង ការលើកកម្ពស់ទំនាក់ទំនង ភាពស្អិតរមួតក្នុង សង្គមជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គម និងការកាត់បន្ថយភាពក្រីក្រដែលទាំងនេះ គឺជាមូលដ្ឋានចាំបាច់ក្នុងការរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ចលនាភូមិ១សហគមន៍១ នឹងក្លាយទៅជា កម្លាំងអូសទាញ ថ្មីមួយថែមទៀត ក្នុងការទាក់ទាញទឹកចិត្តអ្នកសិក្សាគម្រោងប្លង់ អ្នក សាងសង់ អ្នក វិនិយោគក្នុងស្រុកនិងបរទេស ឲ្យមានការខំប្រឹងប្រែងពង្រឹង គុណភាពនិ ងសមត្ថភាព របស់ខ្លួន ដើម្បីទទួលបានស្នាដៃល្អ ការបង្កើនឱកាសទីផ្សារការងារ ប្រាក់ ចំណូល និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបន្តទៀត ពិសេស សម្រាប់ប្អូនៗជានិស្សិត ផ្នែកស្ថាបត្យកម្មនិងនគរូបនីយកម្ម និងវិស្វកម្ម ដែលចូលរួមបង្ហាញពីស្នាដៃ សមត្ថភាពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ក្នុងការគិតគូប្រែក្លាយតំបន់ដែលគ្មានសកម្មសេដ្ឋកិច្ច ឱ្យក្លាយជាតំបន់មានសក្តានុពលសេដ្ឋកិច្ច ពិសេសទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យ ស្ថាបត្យករអាជីព និងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ។

ជាមួយគ្នានេះ ឯកឧត្តម ឡៅ ទិព្វសីហា ក៏អំពាវនាវដល់ប្អូនៗនិស្សិតបន្តចូលរួមការប្រកួតប្រជែងស្នាដៃនេះបន្ថែមទៀត ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តកិច្ចសហការ ជាមួយសកលវិទ្យាល័យ ដើម្បីជួយជំរុញចលនាភូមិ១ សហគមន៍១ ឱ្យកាន់តែមាន ភាពទូលំទូលាយ និងជាការបង្ហាញពីសក្តានុពលធនធាននៅលើទីផ្សារជាតិ និង អន្តរជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner