ទូក” ង”ក្រឡាហោម ស សែនជ័យ រំកិលចូលទន្លេត្រៀមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក
កណ្តាល៖ ទូក “ង” ក្រឡាហោម ស សែន ជ័យ ទូករបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រណ្តែតប្រទីប អុកអំបុកនិងសំពះព្រះខែ ចាប់ពីថ្ងៃទី១៤.១៥ និង១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។បំពេញកិច្ចតាមទំនៀមទម្លាប់នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកាអ្នករៀបចំបានប្រារព្ធពិធីក្រុងពាលី និងទម្លាក់ទូកចូលទន្លេ ដែលប្រព្រឹត្តទៅនៅសាលាបុណ្យ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ។
មានប្រសាសន៍ សំណេះសំណាលទៅកាន់កីឡាករ នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បាននាំយកនូវប្រសាសន៍ សួរសុខទុក និងផ្តាំផ្ញើពីសំណាក់ ឧត្តមអភិសន្តិបណ្ឌិត ស សុខា ដល់កីឡាករចំណុះទូក ដោយបានលើកទឹកចិត្តឱ្យកីឡាករ បង្កើនការខិតខំប្រឹងប្រែង ប្រណាំងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមជោគជ័យកេរ្តិ៍ឈ្មោះជូនអង្គភាព និងស្ថាប័នក្រសួងមហាផ្ទៃទាំងមូល។
ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម សរ សិទ្ធិ បានគូសរំលេចថា កីឡាករទូក “ង”ក្រឡាហោម ស សែនជ័យ សុទ្ធសឹងជាកីឡាករចំណុះទូកដែលមានបទពិសោធន៍ចូលរួមប្រណាំងជាច្រើនលើកច្រើនសារមកហើយ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ជូនអង្គភាពនិងស្ថាប័នជាហូហែ ក្នុងព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិ។ ដើម្បីឱ្យភាពជោគជ័យនូវតែរក្សាបានជូនស្ថាប័ន យើងជាកីឡាករចំណុះទូកទាំងអស់គប្បីរក្សាឱ្យបាននូវសាមគ្គីភាព មានន័យថា កីឡាករទាំង២២នាក់អុំដោយរួមចិត្តតែមួយ ព្រោះកីឡាជាក្រុមប្រសិនបើបណ្តុំចិត្តតែមួយនោះ ភាគរយឈ្នះច្រើន ប៉ុន្តែបើខ្វះកម្លាំងសាមគ្គីគ្នាតែបន្តិចនិងធ្វើឱ្យបរាជ័យជាក់ជាមិនខាន។
នាឱកាសនោះដែរ ឯកឧត្តម សរ សិទ្ធិ និង លោកជំទាវ បានឧត្តម ដល់កីឡាករ ចំណុះទូកនៅថវិកា២លានរៀល និងឧត្ថម្ភ អំពូលសូឡាចំនួន៥ ដើម្បីបំភ្លឺ សាលាបុណ្យស្ថិតក្នុង ភូមិព្រែកតាពៅផងដែរ។
គ្រូបង្វឹក លោក ហ៊ល លីដា បានប្តេជ្ញាចិត្តប្រឹងប្រែងប្រណាំងឱ្យអស់ពីលទ្ធភាព ដើម្បីនាំយកជ័យជម្នះមកជូនក្រសួងមហាផ្ទៃ ជាការតបស្នងរាល់ការឧត្ថម្ភទំនុកបំរុងរបស់របស់ឯកឧត្តម អភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ទូកខ្នាតអន្តរជាតិ (ក្រឡាហោម ស សែនជ័យ) ជាទូករបស់ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានកសាងឡើងនៅឆ្នាំ២០១៧ មានប្រវែង ២២ម៉ែត្រ ១៨ខ្ទង់ ចំណុះ២២នាក់ ជាប្រភេទទូកអុំ សម្រាប់ចូលរួមប្រណាំង ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឬពិធីបុណ្យផ្សេងៗនៅតាមបណ្តាខេត្ត ។ទូកនេះត្រូវបានផ្តួចផ្តើមកសាងដោយ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្រោមការ ឧបត្ថម្ភគាំទ្រផ្ទាល់ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បច្ចុប្បន្នទូកខ្នាតអន្តរជាតិ ក្រឡាហោម ស សែនជ័យ ត្រូវបានរក្សាទុកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទូកខ្នាត អន្តរជាតិ ក្រឡាហោម ស សែនជ័យ ទទួលបានជ័យលាភីលេខ ១ ទូទាំងប្រទេស ៕
ថត ដោយ៖ ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ