ទូតហូឡង់ រាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរាជទូតហូឡង់ បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ ដែលកំពុងមានប្រតិបត្តិការ នៅកម្ពុជា ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើង ក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា បន្ថែមទៀត ។

ការបញ្ជាក់របស់ឯកឧត្តម Remco Johannes  an Wijngaarden ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទ សម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។

ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងហូងឡង់ និងកម្ពុជា  ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាល និងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឯកឧត្តម ឯកអគ្គរាជទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែក លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត ។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការដាក់ចេញ នូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ  ដែលចូលរួមចំណែកដល់ការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេច​បវរ​ធិបតី​ និង​ឯកឧត្តម​អគ្គរាជទូត ​ក៏បាន​ពិភាក្សាអំពីការបន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ ជាពិសេស លេីវិស័យពាណិជ្ជកម្ម និងវិនិយោគ​។

សម្ដេចបវរធិបតី បានចែករំលែកជូនឯកឧត្តម ឯកអគ្គរាជទូត​ អំពីការដាក់ចេញនូវគោលនយោបាយ​ យន្តការ​ និង​ការលេីកទឹកចិត្តនានា​ ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជា ធានានូវ​បរិយាកាស​វិនិយោគ​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ឯកឧត្តម​អគ្គរាជទូត​ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ ដែលកំពុងមានប្រតិបត្តិការ នៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាស កាន់តែប្រសើរឡើង ក្នុងការវិនិយោគ នៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា ​។ 

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូ​រយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ​មួយចំនួនផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner