អ៊ីរ៉ង់ថា ពិភពលោកកំពុងអោបដៃមើល លោក ត្រាំ បញ្ឈប់សង្គ្រាមហ្គាហ្សា និងលីបង់
រីយ៉ាដ ៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ និយាយថា ពិភពលោកកំពុងរង់ចាំមើល រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងក្រុមហេសបូឡា ខណៈដែលអ៊ីរ៉ង់បានថ្កោលទោសរលកវាយប្រហាររបស់អ៊ីស្រាអែលថា ជា “អំពើភេរវកម្ម”។
អនុប្រធានទីមួយ លោក Mohammad Reza Aref បានប្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម នៅទីក្រុងរីយ៉ាដថា រដ្ឋាភិបាលអាមេរិក គឺជាអ្នកគាំទ្រដ៏សំខាន់ដល់សកម្មភាពអ៊ីស្រាអែល ដូច្នេះពិភពលោកកំពុងឈរអោបដៃមើលការសន្យារបស់រដ្ឋាភិបាលថ្មីអាមេរិក ក្នុងការបញ្ឈប់ជាបន្ទាន់នូវសង្រ្គាមប្រឆាំងនឹងប្រជាជនស្លូតត្រង់នៅហ្គាហ្សា និងលីបង់។
លោក Aref និយាយថា ការកំណត់គោលដៅសម្លាប់មនុស្ស គ្មានអ្វីក្រៅពីទង្វើគ្មានច្បាប់ទម្លាប់ និងអំពើភេរវកម្មឡើយ ហើយបង្វែរឧបករណ៍សន្តិសុខទៅជាឧបករណ៍មួយ ដើម្បីសម្លាប់មេដឹកនាំ និងពលរដ្ឋរបស់ប្រទេសដទៃ។
ការអត្ថាធិប្បាយបែបនេះរបស់លោក Aref កើតឡើងបន្ទាប់ពីលោក ត្រាំ បានសន្យាស្វែងរកសន្តិភាពនៅមជ្ឈិមបូព៌ា ហើយក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក ត្រាំ បាននិយាយថា ប្រធានាធិបតីដែលនឹងចុះចេញពីតំណែង គឺ លោក ចូ បៃដិន គួរតែអនុញ្ញាតឱ្យអ៊ីស្រាអែលបញ្ចប់ការងារប្រឆាំងនឹងក្រុមហាម៉ាស់នៅហ្គាហ្សា។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខ តុលា ឆ្នាំ២០២៣ ដែលបានបង្កឱ្យមានសង្រ្គាមនោះ អ៊ីស្រាអែលបានសម្លាប់គូប្រជែងជាន់ខ្ពស់មួយចំនួន រួមទាំងប្រធានក្រុមហាម៉ាស Yahya Sinwar និងលោក Hassan Nasrallah ដែលជាមេដឹកនាំយូរអង្វែងរបស់ក្រុមហេសបូឡា។ អ៊ីស្រាអែលក៏ត្រូវបានគេសង្ស័យថា បានសម្លាប់អតីតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh នៅក្នុងរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា