ប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង ៖ “យុវជនម្នាក់​លេង​កីឡាមួយប្រភេទប្រចាំជីវិត និងចៀស​ឆ្ងាយពី​គ្រឿងញៀន”

អត្ថបទដោយ៖
អ៊ុក សំអាន

បាត់ដំបង៖ព្រឹត្តិការណ៍ការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេងឆ្នាំ២០២៤​ ក្រោមប្រធានបទ៖ “យុវជនម្នាក់លេង​កីឡាមួយ​ប្រភេទប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន”បានចាប់ផ្តើមនៅ​ដើមសប្ដាហ៍នេះនៅទីលានបាល់ទាត់នៃ​សាកលវិទ្យា​ល័យ​ជាតិ​បាត់ដំបង ខេត្តបាត់ដំបង ។ការប្រកួតនឹងប្រព្រឹត្តទៅតាម​គោលការណ៍​ប្រកួតរហូតដល់ពាក់កណ្ដាលខែធ្នូលើ៤វិញ្ញាសា​រួម​មាន បាល់ទាត់ បាល់ទះ វាយសី និងប៉េតង់(ប៊ូល)។

ការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង​ឆ្នាំ២០២៤​ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជន​កម្ពុជា​​​​​​(ស.ស.យ.ក.)​ខេត្តបាត់ដំបង។ថ្លែងក្នុងពិធីបើកការប្រកួត​ជាផ្លូវការ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធ​យុវជន​កម្ពុជាទទួល​បន្ទុក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាង​ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា (ស.ស.យ.ក.)​បានបញ្ជាក់ថា ការប្រកួតកីឡាពានរង្វាន់សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ២០២៤គឺជាការប្រកួត​លើកទី២ ហើយនឹង​បន្តធ្វើជារៀងរាល់ឆ្នាំក្នុងក្របខ័ណ្ឌកម្រិតខេត្ត ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ជាពិសេសប្អូនៗជាយុវជន​បាន​ចូលរួមប្រកួត​ប្រជែង។ឯកឧត្តមបន្តថា ការបង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង​ដើម្បីបង្កើន និងលើក​កម្ពស់​នូវ​សុខុមាល​ភាពប្រជាពលរដ្ឋដែល​ជាសរសរទ្រូងនៃប្រទេសជាតិ,ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងស.ស.យ.កតាម​បណ្តាក្រុង ស្រុក ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិ​ទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូច​ជា​រាជរដ្ឋាភិបាលនាអាណត្តិមុនៗ បានយកចិត្តទុកដាក់លើវិស័យ​អប់រំកាយ និងកីឡា ។ឯកឧត្តមក៏បានណែនាំដល់អ្នក​រៀបចំ ឱ្យ​រៀបចំប្រកបដោយការទទួលខុសត្រូវខ្ពស់,ឱ្យមានស្ដង់ដារតែមួយដូចការប្រកួតលក្ខណៈជាតិដែរ ដើម្បីឱ្យកីឡាករ កីឡាការិនី អាច
រៀន​សូត្រ ដកស្រង់បទពិសោធន៍បាន ។

ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង បានបញ្ជាក់ថា ការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេងឆ្នាំនេះ ក្រោមប្រធានបទ៖ “យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន” ។ប្រធានបទនេះ​ក្នុង​គោលបំណងដើម្បី​ឱ្យប្រជាពលរដ្ឋ ជាពិសេស យុវជនមានសុខភាពល្អ បង្កើននូវសាម​គ្គីភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន និងកាត់បន្ថយភាព​អសកម្មផ្សេងៗក្នុងសង្គម និងរួមចំណែកក្នុងការលើកកម្ពស់វិស័យ​កីឡា ឱ្យកាន់តែរីកចម្រើន​ឈានដល់ការ​សម្រេចបានគោលនយោ​បាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំនិងកីឡា។ការប្រកួតបាន​ចាប់​ផ្ដើមពីថ្ងៃទី១០ ខែវិច្ឆិកា​រហូតដល់ពាក់​កណ្ដាលខែធ្នូនិងមាន៤វិញ្ញាសា​សម្រាប់ការប្រកួត គឺ បាល់ទាត់ បាល់ទះ វាយសី និងប៉េតង់(ប៊ូល)។

ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំ​បង បានពណ៌នា​លើការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡា​ហោម​ ស ខេង របស់ស.ស.យ.ក ខេត្តបាត់ដំបង ជាការបង្ហាញពីសុខសន្តិភាព ការទំនាក់ទំនងល្អក្នុងស្មារតីសាមគ្គីភាព ភាតរ​ភាព​ ពោលគឺក្រោម​ពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព»៕

អត្ថបទនិងរូបភាព៖ អ៊ុក សំអាន ប.ប

ads banner