មកដឹងពីប្រវត្តិដ៏អស្ចារ្យនៃ ទូកង “សុវណ្ណរាជសី បារមីបន្ទាយមហានគរ”
បន្ទាយមានជ័យ៖មិនដែលខកខាន និងធ្លាប់តែសាងកេរ្តិ៍ឈ្មោះសម្រាប់ខេត្តជាប់ព្រំដែនថៃ ទូកង ឈ្មោះ សុវណ្ណរាជសី បារមីបន្ទាយមហានគរ នៃខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤នេះ ក៏បានទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ឆ្នាំ២០២៤រដ្ឋបាលខេត្តជ្រើសយកទូកតែមួយគត់ ដែលទទួលបានចំណាត់ថ្នាក់លេខមួយប្រចាំខេត្ត គឺទូកឈ្មោះ សុវណ្ណរាជសី បារមីបន្ទាយមហានគរ ចំណុះ ៧៦នាក់ យកទៅប្រកួត ក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញរយៈ បីថ្ងៃ។

ការជ្រើសរើសទូក ង សុវណ្ណរាជសី បារមីបន្ទាយមហានគរ មិនមែនជាការចៃដន្យទេ តែកើតឡើងពីកិត្យានុភាពនៃទូកង មួយនេះ
ដែលតែងតែសាងកេរ្តិ៍ឈ្មោះជូនខេត្តបន្ទាយមានជ័យ តាមរយៈជ័យជម្នះរបស់ខ្លួន ។

លោក កុល បណ្ដូល អនុប្រធានគណៈកម្មការគ្រប់គ្រងទូកង សុវណ្ណរាជសី បារមីបន្ទាយមហានគរ បានរៀបរាប់ពីប្រវត្តិនៃទូក ងនេះថា ជាទូកដែលធ្វើពីឈើគគីមានប្រវែង៣៦ម៉ែត្រ, មាន៤១ខ្ទង់, ចំណុះ៧៦នាក់,ជាប្រភេទទូកលុង ។ដោយឡែកការធ្វើទូកនេះទៀតសោតក៏បំពេញកិច្ចទៅតាមទំនៀមទម្លាប់ ហើយពេលនោះក៏មានអព្ភូតហេតុបង្ហាញចេញផងដែរ ។លោកបន្តថាដំបូងឡើយបន្ទាប់ពីបួងសួង ហើយពេលកំពុងអារដើមគគីរដែលបម្រុងយកមកធ្វើទូកនេះ ស្រាប់តែបែកផ្កាភ្លើងព្រោងព្រាត ចេញពីដើមឈើនេះ ទាល់តែឱ្យទៅអ្នកកាន់ទូកជា អ្នកអារវិញទើបលែងមានចេញផ្កាភ្លើង ។ដើមគគីរមួយដើមនេះពុំមានខ្នែងថ្នាំងទេ។ មួយវិញទៀតពេលរណាអារ ជិតដាច់ ស្រាប់តែកន្ត្រាក់ខ្ទាតទៅរលំចម្ងាយ៤ម៉ែត្រ ពីគល់របស់វា ។

លោក កុល បណ្ដូល បន្តថា អ្វីចម្លែកទៀតនោះពេលក្រុមការងារយកដៃស្រវាកើបដីលាយស្លឹកឈើងាប់ក្បែរគល់ឈើនោះ បម្រុងលុបគល់ឈើដែលបានអារកាត់រួច ដ្បិតវាជាតំណមអ្នកកាប់ឈើធ្វើទូក ស្រាប់តែប្រទះឃើញប្ញសដុះចេញមកដូចជាសក់បន្តិចឬដូចជារោមសត្វស្ដេចតោបន្តិច ដែលចាស់ៗថា ជារោមកណ្ដាញ់រាជសី ហើយដែលនេះជាផ្នែកមួយនៃឈ្មោះរបស់ទូកដែរ ។

លោក កុល បណ្ដូល និយាយបន្តថា បន្ទាប់ពីកាប់ហើយដើមឈើនេះត្រូវបានដឹកតាមគោយន្ត ។ពេលដឹកចេញពីព្រៃ ដល់ឡើងទីទួលក៏រអិលប្រុងនឹងក្រឡាប់ តែបែរជារអិលថយទៅក្រោយធម្មតាវិញ មិនមានអ្នកណាម្នាក់គ្រោះថ្នាក់ឡើយ។ មានហេតុការណ៍មួយ ទៀតពេលយប់ ខណៈក្រុមការងារកំពុងដឹកមកតាមផ្លូវ ពួកគាត់បានឃើញពន្លឺភ្លើងបៃតងលាយផ្ទៃមេឃ មួយគូហោះពីលើខ្ពស់តាមពីក្រោយគោយន្តដឹកឈើទូកនេះ ។ពេលនោះគ្រូអ្នកកាន់ទូក បានបន់ស្រន់ថា សូមឈប់តាមទៀតទៅ ពួកគាត់យកឈើនេះទៅធ្វើទូកអុំប្រណាំង ដើម្បីថែរក្សាប្រពៃណីវប្បធម៌ដូនតាខ្មែរទេ ។សូមបារមីតាមថែរក្សា។ ស្រាប់តែបាត់ឃើញពន្លឺនោះភ្លាមទៅ។

លោកបន្តថា ពាក់ព័ន្ធនឹងហេតុការណ៍អស្ចារ្យនេះ ជាងធ្វើទូក និង អ្នកកាន់បារមីទូក យល់សប្តិ៍ ឃើញរាជសីបញ្ចេញពន្លឺដូចមាស ឈរយ៉ាងអង់អាចនៅជិតក្បាលទូកកំពុងធ្វើនេះ។ ដូច្នេះគណៈកម្មការទូកង បានសម្រេចដាក់ឈ្មោះទូកងនេះ ដោយយោងទៅតាម ហេតុការណ៍យកឈើមកធ្វើទូក និងឈ្មោះវត្ត ។ព្រះចៅអធិការវត្ត សុវណ្ណរង្សីយារាម នៅឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ថែមផ្សំពាក្យឈ្មោះខេត្តផង ទើបទូកង មួយនេះមានឈ្មោះថា “សុវណ្ណរាជសី បារមីបន្ទាយមហានគរ” ។

លោកអនុប្រធានគណៈ កម្មការគ្រប់គ្រងទូកង បានបញ្ជាក់បន្ថែមថា ទូក សុវណ្ណរាជសីបារមីបន្ទាយមហានគរបានធ្វើឡើងនៅឆ្នាំ២០០៨ និងយកមកអុំប្រណាំងរហូតមក។ក្នុងការចូលរួមប្រកួតនៅភ្នំពេញ ទូកង សុវណ្ណរាជសី បារមីបន្ទាយមហានគរ បានប៉ះជាមួយដៃគូទូកង ល្បីៗមកពីបណ្ដាខេត្ត និងរាជធានី ។ដូចជាពីឆ្នាំ២០១៦មកដល់ឆ្នាំ២០១៨ ទទួលបានចំណាត់ថ្នាក លេខ១ ។ដោយឡែកនៅឆ្នាំ២០១៩សុវណ្ណរាជសី បារមីបន្ទាយមហានគរ បានទទួលចំណាត់ថ្នាក់លេខមួយ និងបន្ថែមជាមួយ ពានរង្វាន់ពីព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាពានរង្វាន់កិត្តិយសផ្នែកវិន័យ សណ្ដាប់ធ្នាប់ និងសោភណភាពល្អ។
សូមជម្រាបថា ទូកង សុវណ្ណរាជសី បារមីបន្ទាយមហានគរ ដែលជាទូករបស់វត្តសុវណ្ណរង្សីយារាម នៅឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទទួលការឧបត្ថម្ភពីឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ ៕
ដោយ ៖គៀន ច័ន្ទហ៊ីន