អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យុវជនឱ្យទៅរៀនវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកទឹកចិត្តឱ្យយុវជនដែល​បោះបង់ការសិក្សា ឬប្រឡង​ធ្លាក់​បាក់ឌុបឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីក្លាយ​ខ្លួនជាកម្មករជំនាញ។ការលើកទឹកចិត្តនេះក្នុងឱកាស អញ្ជើញ​ជួបសំណេះសំណាលនិងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាកចំនួន៧៥គ្រួសារ នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

ឯកឧត្តមអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ​របស់បងប្អូន​ប្រជាពលរដ្ឋ ទន្ទឹមនិងការគិតគូរនេះ រាជរដ្ឋាភិបាលក៏បានបង្កើត​ឱកាសការងារ​ជូនបងប្អូន តាមរយៈការវិនិយោគរោងចក្រ សហគ្រាស គ្រប់ធុន ។ក្នុងនេះសម្រាប់ខេត្តកំពង់ស្ពឺ គិតមកទល់ពេលនេះមានចំនួន​៤៤៥​រោងចក្រ និងមានកម្មករ កម្មការិនី បម្រើការជាង២០ម៉ឺននាក់។

ជាមួយនឹងកំណើននៃរោងចក្រនេះឯកឧត្តម ជាម ចន្ទ័សោភ័ណ បាន​ទាញអារម្មណ៍ថា បច្ចុប្បន្នខេត្តកំពុងជួប​វិបត្តិកង្វះកម្លាំង​ពលកម្ម​សម្រាប់បម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសទាំងនេះ​ប្រមាណ​ជាងមួយម៉ឺននាក់ទៀត ។ទន្ទឹមនេះរោងចក្រ សហគ្រាស​នឹងមានការកើនឡើងច្រើនបន្ថែមទៀត ។ដូចនេះតម្រូវការកម្លាំង​ពលកម្មក៏នឹងមានការកើនឡើងដែរ។

ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់យុវជនប្រឡងធ្លាក់បាក់ឌុប និងអ្នកដែលបោះបង់ការសិក្សា​ឱ្យចូលទៅរៀន​វគ្គបណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេស ដើម្បីទទួលបាន​វិញ្ញាបនបត្របញ្ជាក់ពីជំនាញច្បាស់លាស់ ដែលការសិក្សា​ចំណាយ​ពេលត្រឹមតែ៣ទៅ៤ខែប៉ុណ្ណោះ អាចក្លាយខ្លួនជាកម្មករជំនាញនិង​អាចបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសទទួល​បានប្រាក់​កម្រៃខ្ពស់និងក៏មានឱកាសអាចទៅធ្វើការនៅក្រៅប្រទេសបានទៀតផង៕

ដោយ៖ម៉ុន សំអាត

ads banner