ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum)
(ភ្នំពេញ)៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្ស-និស្សិតឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់និងបញ្ជ្រាបចំណេះដឹងដល់សាធារណជនទូទៅអំពីសុវត្ថិភាពសន្តិសុខសាយប័រ និងបង្កើនការការពារទិន្នន័យផ្ទាល់ខ្លួនពីការគំរាមកំហែងផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត ក.ប.ទ នឹងរៀបចំ “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១២:៣០នាទី រហូតដល់ម៉ោង ១៧:០០នាទីរសៀល នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
វេទិកានេះ គឺជាផ្នែកមួយនៃគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ (Cybersecurity Awareness Month)” ដែលនឹងប្រមូលផ្ដុំអ្នកជំនាញនៅក្នុងវិស័យបច្ចេកវិទ្យាដែលមានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា។ ជាពិសេស វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឱ្យទទួលបាននូវបទពិសោធអំពីការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោកផងដែរ។
ក.ប.ទ សូមជូនដំណឹងដល់សាធារណជននិងសិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី “វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន” សូមធ្វើការចុះឈ្មោះចូលរួមដោយសេរីឱ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ឬអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១៥ ៥២០ ៧០៧ (តេឡេក្រាម)។ អាស្រ័យហេតុនេះ សូម សាធារណជន និងសិស្ស-និស្សិតទាំងអស់ ជ្រាបជាព័ត៌មាន៕
ដោយ ៖ ង៉ាន់ ទិត្យ