ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ទូទាំងខេត្តតាកែវ
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូក ង ខេត្តតាកែវ នៅកំពង់ផែភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកីឡាករទូក ង ចំនួន ៦ សរុបប្រមាណ ៤០០នាក់។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បញ្ជាក់ថា ការប្រណាំងនេះគឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានកីឡាករទូទាំងប្រទេស ហើយអន្ទឹមនិងនេះក៏ចង់បានឈ្នះ ដើម្បីកិត្តិយស របស់បងប្អូន របស់ទូក និងរបស់ខេត្តតាកែវ ដោយផ្អែកទៅលើស្មារតីសាមគ្គីភាព ទទួលខុសត្រូវ និងសីលធម៌ខ្ពស់ ក្នុងការប្រណាំង ទៅតាមសមត្ថភាព ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តតាកែវ និងបានផ្តាំផ្ញើឱ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឱ្យបានគ្រប់គ្រាន់ រក្សាអនាម័យ គោរពវិន័យជាអ្នកកីឡាករ ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បាននាំយកអំណោយជូនដល់កីឡាករទូក ដើម្បីលើកទឹកចិត្ត រួមមាន ៖ អង្ករ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខេត្តតាកែវ មានកីឡាករទូក និងមានទូក ង ចំនួន ៥ ចូលរួមប្រកួត និងទូក ង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន១ ទូក គឺ
-ទូកសម្តេចវិបុលបញ្ញាបារមីមានជ័យ (ស្រុកគិរីវង់)
-ទូកគិរីវង់សុខសែនជ័យ (ស្រុកគិរីវង់)
-ទូកតាកែវទ្រាំងសុខសែនជ័យ (ស្រុកទ្រាំង)
-ទូកសំបូរសាគរមុនីវ៉ាន់ដេតសុខសែនជ័យតេជៈសំរោងក្រិល (ស្រុកអង្គរបូរី)
-ទូកសំណាង ស សែនជ័យបារមីលោកតាកែវ (រដ្ឋបាលខេត្ត)
- និង ទូកស្រី ស សុខសែនជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ៕
ដោយ ៖ ង៉ាន់ ទិត្យ