ប្រទះឃើញសត្វផ្សោតមួយក្បាល បានស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែវ័យចាស់

(ភ្នំពេញ)៖កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល បន្ទាប់ពីពេលដែលគេបានប្រទះ​ឃើញ​ស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ថា បន្ទាប់ពីការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់​អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ២៨ឆ្នាំ ភេទញី ប្រវែង ២,៣៥ម៉ែត្រ ទំងន់ ១១៥គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបាន​វះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើ​ទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យ​ចាស់ជរា។

គួរបញ្ជាក់ថា ចាប់តាំងតែពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ តាមរយៈការធ្វើជំរឿនចុង​ក្រោយបង្អស់នាឆ្នាំ២០២៤នេះ កម្ពុជាមានសត្វផ្សោតប្រមាណ ១០៤ក្បាល កំពុងរស់ក្នុងអន្លង់តាមដងទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ជារតនៈសម្បត្តិធម្មជាតិមានជីវិត។ ចំពោះមុខ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ​រដ្ឋបាល​ខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF បន្តពង្រឹង​កិច្ចការពារ​ឱ្យបាន​ម៉ឺងម៉ាត់ ដោយដាក់ឆ្មាំទន្លេយាមល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើ​ប្រាស់​ឧបករណ៍នេសាទហាមឃាត់ក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន មេត្តាសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេល​ឃើញមានអ្នកប្រើឧបករណ៍មងក្នុងអន្លង់ផ្សោតនិងឧបករណ៍ឆក់ត្រី តាមរយៈ​លេខ​ទូរស័ព្ទផ្តល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner