អាមេរិកបដិសេធការចោទប្រកាន់អ៊ីស្រាអែល រឿងប្រល័យពូជសាសន៍
បរទេស៖ សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមិនយល់ស្រប ទាំងការរកឃើញរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិដែលថា វិធីសាស្រ្តធ្វើសង្គ្រាម របស់អ៊ីស្រាអែលគឺស្របទៅនឹង «អំពើប្រល័យពូជសាសន៍» ព្រមទាំង ការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស អំពី «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រសួងការបរទេស លោក Vedant Patel បាននិយាយថា «របាយការណ៍របស់គណៈកម្មាធិការពិសេស របស់អង្គការសហប្រជាជាតិ ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីការប្រើប្រាស់ភាពអត់ឃ្លាន ជាយុទ្ធសាស្ត្រសង្គ្រាម គឺជាអ្វីដែលយើងនឹងមិនយល់ស្របជាដាច់ខាត»។ លោកបានថ្លែងថា «យើងគិតថា ពាក្យសម្តីបែបនោះ និងការចោទប្រកាន់បែបនោះ គឺពិតជាគ្មានមូលដ្ឋាន»។
លោក Patel ក៏បានលើកយកបញ្ហា ជាមួយនឹងរបាយការណ៍មួយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលបាននិយាយថា អ៊ីស្រាអែលបានផ្លាស់ទីលំនៅដោយបង្ខំ សម្រាប់ពលរដ្ឋ ហ្គាហ្សា ក្នុងរយៈពេលជាងមួយឆ្នាំនៃសង្រ្គាមនៅក្នុងអ្វីដែលស្មើនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
លោក Patel បាននិយាយថា «វាគឺស្របទាំងស្រុង និងអាចទទួលយកបាន ក្នុងការស្នើសុំជនស៊ីវិល ឱ្យជម្លៀសទៅកាន់តំបន់ជាក់លាក់មួយ ខណៈពេលដែលពួកគេកំពុងធ្វើប្រតិបត្តិការយោធា ហើយបន្ទាប់មក ពួកគេអាចត្រឡប់ទៅផ្ទះវិញ» ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ បានបញ្ជាក់ថា «យើងមិនបានឃើញប្រភេទ នៃការផ្លាស់ទីលំនៅ ដោយប្រើប្រាស់កម្លាំង ជាក់លាក់ណាមួយ នោះឡើយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត