មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ រីករាយនឹងព្រឹត្តិការណ៍ពិធីបុណ្យអុំទូកឆ្នាំនេះ
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះ ឈ្នះតាមបណ្ដោយដងស្ទឹងភូមិព្រះពន្លា ក្រុងសិរីសោភ័ណ ក៏បានប្រារព្ធពិធីអុំទូក និងតាំងពិព័រណ៍ផលិតផលនានា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ចាប់តាំងពីដើមសប្ដាហ៍ ក្នុងក្រុងសិរីសោភ័ណ បានតុបតែងលំអនៅតាមដងវិថីនានា ពិសេសនៅសួនតេជោឈ្នះ ឈ្នះជាប់ដងស្ទឹង ភូមិព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក។នៅពេលរសៀលមានពិធីប្រណាំងទូកនិងពេលរាត្រីមានការបណ្ដែតប្រទីបគួរជាទីគយគន់ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រៅពីបណ្តែតប្រទីប និងបង្ហោះគោម ក៏មានការបាញ់កាំជ្រួចផងដែរ។
ចំណែករដ្ឋបាលខេត្តបានឱ្យដឹងថា ប្រទីបរបស់មន្ទីរ ស្ថាប័ន និងរដ្ឋបាលក្រុង ស្រុក ដែលចូលរួមបណ្ដែតមានចំនួន ៣៩ប្រទីប រយៈពេលបីសប្ដាហ៍ចាប់ពីថ្ងៃទី២៦ ខែតុលាដល់ថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក។
ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តក្នុងក្រុងសិរីសោភ័ណ បានបង្ហាញពីទឹកចិត្តរីករាយចំពោះទិដ្ឋភាពដែលពួកគេបានឃើញនៅឆ្នាំ
នេះ។
ការរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ រដ្ឋបាលខេត្តមិនត្រឹមតែដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពប៉ុណ្ណោះទេ តែក៏ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ជាតិ និងទាក់ទាញទេសចរជិតឆ្ងាយផងដែរ៕
ដោយ៖គៀន ច័ន្ទហ៊ីន