ពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាម និងសំរាមងាយស្រួលប្រមូលទៅចោល
(ភ្នំពេញ)៖ មន្រ្តីក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីមូលដ្ឋាន បានកត់សម្កាល់ឃើញថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តបុណ្យអុំទូកឆ្នាំនេះ បានទុកដាក់សំរាមបានត្រឹមត្រូវ បើទោះបីជាមានពលរដ្ឋមួយចំនួននៅបន្តបោះចោលសំរាមមិនបានត្រឹមត្រូវក៏ដោយ។

មន្រ្តីសាលារាជធានីភ្នំថ្លែងថាសម្រាប់នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក បានបញ្ចប់ទៅនោះ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសម្រុករួតរះសម្អាតនៅតាមដងផ្លូវ តាមសួនច្បារ និងកន្លែងកម្សាន្ដនានាដោយធ្វើការប្រមូលសំរាមដឹកចេញ និងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវតាមទីតាំងនានា បានបញ្ចប់ដោយជោគជ័យស្អាត និងមានសោភណភាពស្រស់ស្អាតឡើងវិញ។

ថ្លែងបញ្ជាក់ប្រាប់ ទូរទស្សអប្សារា នារសៀលថ្ងៃទី ១៥ ខែ វិច្ឆិកាឆ្នាំ ២០២៤ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ប្រជាពលរដ្ឋមានការយល់ដឹងអំពីការទុកដាក់សំរាមបានល្អប្រសើរជាងមុនច្រើន ធ្វើឱ្យការប្រមូល និងសំអាតរបស់ក្រុមកាងារមានភាពងាយស្រួលផងដែរ។

លោកស្រី បន្តថា គ្រប់ទីកន្លែងមានការសម្អាតសំរាម និងមានធុងសំរាម.ធ្វើឱ្យពលរដ្ឋចូលមកកម្សាន្តអាចទុកសំរាមបានត្រឹមត្រូវ ។គ្រប់ទីកន្លែងស្រស់ស្អាត និងប្រកបដោយអនាម័យ។

ដោយឡែកទាក់ទិនក្នុងការចោលសំរាមនេះ លោក រដ្ឋ សៀង ប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ដែលបានចូលមកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូកបានឱ្យដឹងថាការចោលសំរាមរបស់ប្រជាពលរដ្ឋតាមដែលលោកបានដឹងបានឃើញនោះមានភាពកាន់តែល្អប្រសើរ ហើយគ្រប់ទីកន្លែងឃើញថាមានធុងសំរាម ដែលធ្វើឱ្យពលរដ្ឋមិនចោលសំរាមពាសវាលកាលបន្តទៀត។

បញ្ជាក់ប្រាប់ដូចគ្នានេះដែរ លោក ឆាយ ឈឿន មកពីស្រុកកំពង់ត្រាច ខេត្តកំពត បានឱ្យដឹងទាក់ទិននឹងការចោលសំរាមនេះថា៖សំរាមមិនថានរណាម្នាក់ទេគឺមិនចូលចិត្តវាដូចគ្នា ហេតុនេះហើយទើបយើងមិនគួរបោះសំរាមចោលពាសវាលកាលឡើយ។សម្រាប់លោកឃើញថានៅរាជធានីភ្នំពេញ និងបណ្តាខេត្តឃើញថាពលរដ្ឋបានទុកដាក់សំរាមបានល្អប្រសើរជាងមុនឆ្ងាយណាស់ ។

លោកបាននិយាយដែរថា”សម្រាប់ពិធីបុណ្យអុំទូកដែលលោកបានមកកម្សាន្តនាពេលនេះដែរឃើញថាគ្រប់ទីកន្លែងមានសណ្តាប់ធ្នាប់ទុកដាក់សំរាមល្អប្រសើរជាងមុន។ពលរដ្ឋម្នាក់ៗហាក់បានយល់ដឹងច្រើន។ខ្ញុំគិតថាបើយើងម្នាក់ៗចេះទុកដាក់សំរាមបានត្រឹមត្រូវប្រទេសយើងនឹងស្អាត នរណាៗក៏ចូលចិត្ត ហើយភ្ញៀវទេសចរគេក៏មកលេងប្រទេសយើងច្រើនដែរ”។

អ្នកស្រី ឡុង ហៀក វ័យជាង៦៣ឆ្នាំបានប្រាប់ថាការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់គឺជារឿងមួយសំខាន់សម្រាប់យើងទាំងអស់គ្នា។សម្រាប់នៅរាជធានីភ្នំពេញឃើញថាគ្រប់ទីកន្លែងមិនថាទីផ្សារ ឬផ្លូវសាធារណៈឃើញថាល្អប្រសើរជាងមុនឆ្ងាយ។កន្លែងដែលធ្លាប់តែគេចោលសំរាមពាសវាលកាលប្រែមកស្អាត និងកន្លែកម្សាន្តវិញក៏មានដែរ។ក្នុងពិធីបុណ្យអុំទូកនេះអ្នកស្រីឃើញថាបើទោះបីមានសំរាមតិចតួចតាមផ្លូវក៏ឃើញថាល្អជាងមុនឆ្ងាយ។ពលរដ្ឋលែងចោលសំរាមពាសវាលកាលដូចមុនទៀតទេ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងឱ្យដឹងដែរថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានចំនួនប្រហាក់ប្រហែល នឹងតិន្នន័យនៃការប្រមូលសំរាមប្រចាំថ្ងៃ នៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋ ដែលកម្សាន្តនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យប្រពៃណីដ៏ធំនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រកាសថាមានចំនួនកើនឡើងជាង១,១លាននាក់ បន្ថែមលើប្រជាពលរដ្ឋដែលកំពុងរស់នៅ នាពេលបច្ចុប្បន្នប្រមាណជាង២លាននាក់។ ក្នុងការប្រមូលទុកដាក់សំរាម និងការកាត់បន្ថយចំនួនសំរាម នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ចំនួនរថយន្តដឹកជញ្ជូនសំរាម ប្រមាណ ២០០គ្រឿង បានដឹកជញ្ជូនសំរាមជាង៥៣០ជើង រួមជាមួយអ្នកប្រមូលសំរាម មានប្រមាណ១០០០នាក់ផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គម ប្រសិនបើគ្មានការកាត់បន្ថយ និងបម្រូលទុកដាក់ឱ្យបានត្រឹម សំរាម សំណល់ប្លាស្ទិក ទាំងអស់នេះបង្កផលប៉ះពាល់ ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព សុខភាពនិងជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិ។
គួរបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ជារៀងរាល់ថ្ងៃរាជធានីភ្នំពេញបានបញ្ចេញសំរាមប្រមាណចន្លោះពី៣០០០ តោន ទៅ៤០០០តោនក្នុង១ថ្ងៃ ហើយក្នុងនោះសំណល់ប្លាស្ទិកមានជាង២០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ សំរាម ២០ភាគរយតែប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ នាពេលបច្ចុប្បន្ន៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេងសម្បត្តិ