មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះភ្ញៀវទេសចបរទេស ចូលមកកម្សាន្តពិធីអុំទូកច្រើនជាងឆ្នាំកន្លងមក
(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានថ្លែងថា៖នៅក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែទេភ្ញៀវទេសចរបរទេស ត្រូវបានកត់សម្គាល់ឃើញថាមានការកើនឡើងជាងឆ្នាំកន្លងទៅ ដោយសារគណះកម្មាធិការរៀបចំបុណ្យអុំទូកមានការរៀបចំទីកន្លែងសម្រាប់ពួកគាត់ចូលទស្សនាបានសមរម្យ នៅលើវេទិកាក៏ដូចជាទីកម្សាន្តនានា។

ថ្លែងប្រាប់ទូរទស្សន៍អប្សរានៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកស្រី ដោ សម្ភស្ស ឱ្យដឹងថា៖សម្រាប់ថ្ងៃទី១ ព្រះរាជពិធីបុណ្យអុំទូក មានបងប្អូនប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរប្រមាណ១លាន១សែននាក់ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ លោកស្រីអ្នកនាំពាក្យរូបនេះបានអះអាងថា ជារួម ក្នុងឆ្នាំ២០២៤នេះ មានអ្នកដើរលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរបរទេស ។

បើតាមលោកស្រី ដោ សម្ផស្ស ការកើនឡើងនេះគឺដោយសារតែឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេស អាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង ក្នុងការទស្សនាកម្មវិធីអុំទូកនេះ។

ក្រៅអំពីភ្ញៀវបរទេសដែលមានចំនួនកើនឡើងនាឆ្នាំនេះដែរសម្រាប់ថ្ងៃទី២នៃក្នុងពិធីបុណ្យអុំទូក ក៏ត្រូវបានលោកស្រី ដោ សម្ភស្ស រំពឹងថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងចូលមកកម្សាន្តច្រើនជាងថ្ងៃទី១ផងដែរ។

ឯកឧត្តម ប៊ូ ជុំសេរី ប្រធានគណកម្មការបច្ចេកទេសរៀបចំបុណ្យអុំទូកវិញបានថ្លែងប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថា៖ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែឆ្នាំ២០២៤ក្នុងរយៈពេល២ថ្ងៃនេះប្រព្រឹត្តិទៅរលូនល្អ ពុំមានអ្វីកត់សម្កាល់ទេ។ការប្រណាំងទូកទាំងថ្ងៃទី១ និងទី២មានភាពអធិកអធម និងកីឡាមានការប្រឡងប្រជែងប្រកបដោយវិន័យល្អប្រសើរ។

គួរបញ្ជាក់ថាក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកង និងទូកមួងដែលចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុប២២,០៤២នាក់ មានមកពី១៩រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត។ ក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះដែរបានប្រព្រឹត្តិឡើងរយៈពេល៣ថ្ងៃពោលគឺ ចាប់ពីថ្ងៃទី១៤ ទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ហេងសម្បត្តិ




