បុគ្គលិកយូអិនជាង ២០០នាក់ស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

ព្រុចសែល ៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) និយាយថា បុគ្គលិករបស់ខ្លួនចំនួន ២៤៣នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំមុន។

អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបង្ហាញតួលេខនេះនៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្តាហ៍នេះ។

លោក Lazzarini និយាយថា ទីភ្នាក់ងាររបស់គាត់កំពុងជួបប្រទះនឹងពេលវេលាដ៏ខ្មៅងងឹតបំផុត បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយកាលពីថ្ងៃទី២៨ ខែតុលា ដែលហាមប្រាម UNRWA ពីការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល។

ច្បាប់នេះបានប្រកាសមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ UNRWA។

អ្នកវិភាគនិយាយថា ទង្វើទាំងនេះអាចធ្វើឲ្យស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបកាន់តែយ៉ាប់យ៉ឺនថែមទៀត។

យ៉ាងណា លោក Lazzarini និយាយថា ការដួលរលំនៃទីភ្នាក់ងាររបស់គាត់ កំពុងគំរាមកំហែងដល់អាយុជីវិត និងអនាគតរបស់មនុស្ស ក៏ដូចជាស្ថិរភាពក្នុងតំបន់។

ហើយលោកបានស្នើឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិប្រើប្រាស់ឧបករណ៍ច្បាប់និងនយោបាយទាំងអស់ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។

មន្ត្រីសុខាភិបាលនៅហ្គាហ្សានិយាយថា ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សានមានជាង ៤៣.៧០០នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner